បន្ទាយមានជ័យ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំប្រជុំត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ និងមធ្យោបាយ ដើម្បីត្រៀមចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនទំនាក់ទំនងកិច្ចការសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរជាច្រើនរូបផងដែរ ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តន៍តួនាទីភាកិច្ច ពិសេសត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជារបស់ថ្នាក់លើ ។ ជាកិច្ចបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ឯក បានចែកអាវភ្លៀងជូនដល់កងកម្លាំងទាំងអស់ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ ។