ឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តំណាងលោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន បានសំណេះសំណាលផ្តាំផ្ញើ ដល់កម្លាំង គចល័តលេខ ១៥ ប្រចាំការនៅខេត្តឧត្តមានជ័យ ដែលត្រូវចេញដំណើរទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ។ ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលត្រូវចេញដំណើរទៅទទួលការហ្វឹកហ្វឺនបន្ថែមសមត្ថភាព ត្រូវខិតខំយកអស់ស្មារតី ឆន្ទៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងបទពិសោធន៍ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានល្អ ដើម្បីសម្រេចបាននូវភារកិច្ចដែលថ្នាក់លើប្រគល់ជូន ទទួលបានលទ្ធផល ១០០%។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី បានឧបត្ថម្ភថវិកាដល់កម្លាំងដែលត្រូវទៅហ្វឹកហ្វឺនចំនួន ២៥នាក់ដោយម្នាក់ៗទទួលបាន ១០ម៉ឺនរៀល ផងដែរ៕