តាកែវ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានប្រជុំត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ និងមធ្យោបាយ ដើម្បីត្រៀមចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ែន ស៊ីប៊ន នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ឡាឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយ នាយរងអាវុធហត្ថខេត្តតាកែវ ជាច្រើនរូបទៀត។