ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការទទួលការងារទំនាក់ទំនងសាធារណៈកងរាអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី១ ឆ្នាំ២០១៨ ដល់នាយ នាយរងអាវុធហត្ថចំណុះស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី បានលើកឡើងថា ការអប់រំចិត្តសាស្រ្តជាកត្តាដ៏សំខាន់របស់កងរាជអាវុធហត្ថ អំពីការពង្រឹងគោលជំហរសតិអារម្មណ៍ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថគ្រប់រូប ក្ដាប់ជាប់នូវការវិវត្តន៍នៃសភាពការណ៍ថ្មីៗ បញ្ហាសន្ដិសុខលើសកលលោក ឱ្យនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថយល់ជ្រួតជ្រាបនូវតួនាទីភារកិច្ច បេសកកម្មក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិកាស្នេហាជាតិមានឆន្ទះមោះមុត ស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនាព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ក៏បានបញ្ជាក់ច្បាស់អំពីរូបភាពបដិវត្តន៍ពណ៌ ដែលត្រូវបានគេបញ្ឆេះធ្វើឡើងនៅប្រទេសជាច្រើន ដែលបានប្រើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកំពុងកើតមានសង្គ្រាមបង្ហូរឈាមគ្នាការបាក់បែកជាតិសាសន៍, សាសនា និងបង្កើតឱ្យមានភេរវកម្មបណ្តាលឱ្យបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងទីក្រុង មិនតែប៉ុណ្ណោះបានធ្វើឱ្យជីវិតមនុស្សស្លាប់ននិងព្រាត់ប្រាស់ឳពុកម្តាយប្រពន្ធកូនពិការហូតដល់សព្វថ្ងៃនេះ។ លោកឧត្តមសេនីយ៍បានបន្តទៀតថាៈកងរាជអាវុធហត្ថត្រូវតែចូលរួមរក្សាការពារដំណើរការបោះឆ្នោតគ្រប់ដំណាក់កាលដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ពិសេសកងរាជអាវុធហត្ថត្រូវតែគោរពច្បាប់បោះឆ្នោតប្រកាន់ភ្ជាប់ក្រមសីលធម៌នៃដំណើរការបោះឆ្នោត។ ជាមួយនោះផងដែរលោកឧត្តមសេនីយ៍ទោ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ឱ្យយល់ជ្រូលជ្រាបអំពីកិច្ចការងាររបស់យើងដែលត្រូវទទួលខុសត្រូវ ហើយមើលឱ្យឃើញអំពីព្រឹត្តិការថ្មីៗ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវរាល់បទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរបស់រាជរដ្ឋាភិបាល ហើយការពារឱ្យបានរដ្ឋាភិបាលស្របច្បាប់គឺដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយជាចុងក្រោយ លោកឧត្តមសេនីយ៍ក៏បានផ្តាំផ្ញើដល់នាយទាហាននាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ក្រោយពីបានចូលរួមប្រជុំផ្សព្វផ្សាយរួចហើយ ត្រូវយកខ្លឹមសារទាំងនេះទៅផ្សព្វផ្សាយបន្តដល់មិត្តភក្តិ ក្រុមគ្រួសារបងប្អូន កូនចៅនិងនាយ នាយរងក្រោមឱវាទរបស់ខ្លួនឱ្យបានយល់ដឹងគ្រប់ៗគ្នា៕