ព្រះវិហារ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរងនៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ។ ពិធីនេះក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ហែម ផល្លី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានអហក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
លោកវរសេនីយ៍ បានលើកឡើងពីសភាពការណ៍វិវត្តន៍ថ្មីៗ សភាពការជាតិ សភាពការណ៍អន្តរជាតិ អំពីច្បាប់បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត បទបញ្ជា នីតិវិធីនៃដំណើរការបោះឆ្នោត ក្រមសីលធម៌ ច្បាប់ស្តីពីលក្ខនិ្តកៈ និងបទវិន័យទូទៅរបស់ កងយោធពលខេមរភូមិន្ទ និងពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ ដើម្បីពង្រឹងនូវគោលជំហរ ស្មារតី សតិអារម្មណ៍ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបកាន់តែច្បាស់នូវតួនាទីភារកិច្ច និងបេសកកម្មរបស់កងរាជអាវុធហត្ថ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ កងរាជអាវុធហត្ថមានតួនាទីភារកិច្ចក្នុងការថែរក្សា ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សង្គម។ កងរាជអាវុធហត្ថមានតួនាទី ភារកិច្ច ជាប៉ូលីសរដ្ឋបាល ជាមន្ត្រីនគរបាលយុត្តិធម៌ ជាតម្រួតយោធា និងផ្តល់កម្លាំងទៅជួយអន្តរក្រសួងតាមការស្នើសុំ ។ លោកវរសេនីយ៍ ក៏បានជំរុញឱ្យកម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះវិហារទាំងអស់ ត្រូវគោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ចរាចរណ៍ គោរពបទបញ្ជា គោរការចាត់តាំង និងត្រូវបន្តរៀនសូត្របន្ថែមពីច្បាប់ នីតិវិធី ដើម្បីបង្កើននូវចំណេះដឹង ព្រមទាំងត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដើម្បីគ្រួសារ និងអង្គភាព និងត្រូវយកការផ្សព្វផ្សាយនាពេលនេះ ទៅផ្សព្វផ្សាយបន្តដល់អ្នកដែលមិនបានចូលរួមផងដែរ។