បន្ទាយមានជ័យ៖ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះឃាត់ខ្លួនបរុសម្នាក់ ឈ្មោះ មាន ម៉ាន ភេទ ប្រុស អាយុ ៣៦ឆ្នាំ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ និងឃាត់ខ្លួន នៅចំណុចភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ យោងបណ្តឹងរបស់ឈ្មោះ ទូច ថា ភេទ ប្រុស អាយុ ៥២ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យតែម្តង ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យ បានសារភាពថា ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ខ្លួនបានជួលម៉ូតូពីជនរងគ្រោះ ក្នុងមួយថ្ងៃតម្លៃ ៦០.០០០រៀល (ប្រាំមួយម៉ឺនរៀល) ដើម្បីជាមធ្យោបាយ ប្រកបរបរចិញ្ចឹមជីវិត តែក្នុងថ្ងៃនោះខ្លួនបានចូលេទៅលេងល្បែងចាញ់អស់ ដោយចង់ស្រង់ដើមមកវិញ ក៏បានយកម៉ូតូដែលជួលនោះទៅបញ្ចាំ ក្នុងតម្លៃ ២.០០០បាត(ពីរពាន់ប្រាក់បាតថៃ) បានប្រាក់នោះមកក៏នៅលេងបន្ត តែចាញ់ដដែល ខ្លួនក៏បានយកម៉ូតូទៅបន្តបញ្ចាំក្នុងតម្លៃ ១៣.០០០បាត (មួយម៉ឺន បីពាន់ប្រាក់បាតថៃ) លុះដល់ពេលជនរងគ្រោះជាម្ចាស់ម៉ូតូ មកសាកសួររកម៉ូតូ ខ្លួនបានសារភាពប្រាប់ម្ចាស់ម៉ូតូតាមត្រង់ ហើយបានសន្យាថា នឹងរំលោះម៉ូតូយកមកអោយវិញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ តែខ្លួនគ្មានលុយសម្រាប់រំលោះម៉ូតូមកវិញទេ ដល់ថ្ងៃសន្យា ជនរងគ្រោះជាម្ចាស់ម៉ូតូ បានមកសួរនាំម្តងទៀត ខ្លួនបានសុំពន្យាពេល ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ ទើបរំលោះយកមកវិញ ជនរងគ្រោះក៏ព្រមតាមសំណើ ។ លុះដល់ថ្ងៃសន្យាលើកទីពីរ ខ្លួនមិនអាចរកលុយទៅរំលោះយកម៉ូតូមកវិញទេ រហូតមានការប្រកែកពាក្យសំដីនឹងគ្នា រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនតែម្តង ។ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងនិងចាត់ការបន្តតាមនីតិវិធី ។