ព្រៃវែង ៖ នារសៀលថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៣៩.០៦៦.៥០០៛ ទៅប្រគល់ជូនដល់ក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក គង់ សុផាត ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ ។
ក្នុងឱកាសនាពេលពេលនោះផងដែរ លោកឧត្តមសេនីយ៍ បានមានប្រសាសន៍ផ្តាំផ្ញើដល់គ្រួសារសព ថាទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ សម្រាប់កងរាជអាវុធហត្ថខេត្តព្រៃវែង ក៏ដូចជាកងរាជអាវុធហត្ថទូទាំងប្រទេស ដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា គឺតែងតែយកចិត្តទុកដាក់រូបរួមសាមគ្គី ជួយគ្នាទៅវិញទៅមក មិនបោះបង់ចោលគ្នាឡើយ ជាក់ស្តែងក្នុងពេល ដែលលោកអនុសេនីយ៍ឯក គង់ សុផាត បានលាចាកលោកទៅ ធ្វើឱ្យកងរាជអាវុធហត្ថ ទាំងអស់បានបង្ហាញនូវក្តីសោកស្តាយ ស្រណោះ អាឡោះអាល័យ និងចងចាំ នូវគុណូបក្ការៈរបស់លោកដែលធ្លាប់លះបង់កម្លាំងកាយចិត្ត និងពេលវេលា ចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ កន្លងមក ។ លោកឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើជូនចំពោះគ្រួសារសពលោក លោកអនុសេនីយ៍ឯក គង់ សុផាត សូមឲ្យកាត់ចិត្ត ព្រោះជីវិតមនុស្សសត្វក្នុងលោក គឺមិនទៀតទាត់ឡើយ កើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតា ពុំមាននណាម្នាក់ជៀសរួចទេ ដូច្នេះយើងនៅមានជីវិតរស់ មិនថាចាស់ឬក្មេង ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងឲ្យបានហ្មត់ចត់បំផុត និងប្រព្រឹត្តតែរឿងល្អៗសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ ។