កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៨ នាព្រឹកថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ស.ព.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានវត្តមានលោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ រួមទាំងសិក្ខាកាមប្រម៉ាណជាង១០០នាក់ ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា៖ ការបើកវគ្គហ្វឹកហ្វឺននេះស្របតាមផែនប្រចាំឆ្នាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទើបបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាត់តាំងបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញប្រចាំឆមាសទី១ ដើម្បីឲ្យនាយទាហាន នាយទាហានរងទទួលបានចំណេះដឹង ទទួលបានជំនាញ ពីលោកយោធាចារ្យ លោកគ្រូឧទ្ទេសនាម និងគ្រូបង្គោលដែលអង្គភាពបានជ្រើសរើសសម្រាប់បង្រៀនបំប៉នបន្ថែមជូនកម្លាំងក្នុងអង្គភាព ។
លោកមេបញ្ជាការបានលើកឡើងបន្ថែមថា វគ្គបំប៉នលើកនេះមានភាពល្អប្រសើរតាមរយៈការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្ររបស់សិក្ខាកាម បើទោះបីនៅមានសិក្ខាកាមខ្លះមិនទាន់ទទួលបានលទ្ធផលល្អ ប្រសើរ ក៏ត្រូវបានអង្គភាពតម្រូវឲ្យចូលរៀនសូត្របន្ថែមទៀតនៅវគ្គក្រោយទៀត ដើម្បីឲ្យសិក្ខាកាមទទួលបានចំណេះដឹងឲ្យបានគ្រប់ៗគ្នា ។
ចំពោះវគ្គសិក្សាលើកនេះមានគ្រូឧទ្ទេសនាមចំនួន ១០រូបក្នុងនោះលោកគ្រូយោធា មកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស០១រូប មកពីស្ថាប័នតុលាការចំនួន ០២រូប មកពីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺចំនួន០១រូប គ្រូបង្គោលក្នុងអង្គភាពចំនួន ០៦រូប ។ ចំពោះខ្លឹមសារមេរៀនក្នុងវគ្គនេះមានមុខវិជ្ជា យោធាចំនួន៣២ម៉ោង មុខវិជ្ជាកងរាជអាវុធហត្ថចំនួន ៣២ម៉ោង មុខវិជ្ជាច្បាប់បទវិន័យទូទៅ ការងារអប់រំចិត្តសាស្ត្រចំនួន៤៨ម៉ោង ។