ស្វាយរៀង៖ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងខេត្តស្វាយរៀង។ ពិធីនេះប្រព្រិត្តិទៅនារសៀលថ្ងៃអង្គារ ១កើតខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយ/នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង៨ និងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
បន្ទាប់មកលោកឧត្ដមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឡើងអាន របាយការណ៍បូកសរុបការងារប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ពិធីសង្ក្រាន្តស្វាយរៀង ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងការពារសន្តិសុខសណ្ដាប់ធ្នាប់ជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតរថយន្ត និងជួបសំណះសំណាលជាមួយបងប្អូនកម្មករ កម្មការីនី។
ក្នុងពិធីនេះដែរលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង មានប្រសាសន៍វាយតម្លៃខ្ពស់ ដល់មេបញ្ជាការទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់គោរពតាមបទបញ្ជា គោរពតួនាទីភារកិច្ច គោរពតាមការចាត់តាំង យកអស់កម្លាំងកាយចិត្ត រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ ។ ឧត្តមសេនីយ៍ត្រីបានបន្តថា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំងអស់ ត្រូវតាមដានសភាពការសន្តិសុខ និងបទល្មើសទាំងឡាយណាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងស្រាវជ្រាវបង្ក្រាបឱ្យខានតែបាន។ ត្រូវបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ គោរពសិទ្ធមនុស្ស ហាមប្រាស់ចាកពីវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ និងដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងកងរាជអាវុធហត្ថ និងជាពិសេសចំពោះអ្នកនៅក្រោមឱវាទត្រូវតម្រង់ទិសដៅ ការប្រើប្រាស់បណ្តាញសង្គមហ្វេសបុកឱ្យបានសមស្រប មានប្រយោជន៍ដល់អង្គភាព និងសង្គមជាតិ ព្រមទាំងមានការឯកភាពគ្នាជាធ្លុងមួយ រវាងមេបញ្ជាការនិងអ្នកនៅក្រោមឱវាទ ។ ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុកទាំងអស់ ត្រូវបន្តនូវគុណសម្បត្តិដ៏ដំធេងបន្ថែមទៀត ត្រូវមានឆន្ទៈនិងភាពស្មោះត្រង់ចំពោះតួនាទីភារកិច្ច ទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងស្ថេរភាពសង្គម ពិសេសត្រូវប្តូរផ្តាច់ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ដែលប្រទេសជាតិយើងកំពុងមានសព្វថ្ងៃ ឱ្យនៅគង់វង្សរីកចម្រើនតទៅមុខជានិរន្តរ៍ និងត្រូវលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ដាច់ខាត ប្តេជ្ញាការពារ រាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគ្រប់កាលៈទេសៈ មិនឲ្យមាន បដិវត្តពណ៌កើតឡើងជាដាច់ខាត។