អហ.ដូនពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ លើករណីហិង្សាបណ្តាលឲ្យបុរសម្នាក់រងរបួស កាលពីវេលាម៉ោង២៣និង៤០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ នៅចំណុច ផ្លូវ៦១ កែងផ្លូវ ៨៦ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។
ជនសង្ស័យពីរនាក់ ដែល អហ ឃាត់ខ្លួនមាន ឈ្មោះ ១- ឈ្មោះ ជៀម ចន្ថា ប្រុស អាយុ៣២ឆ្នាំ (សន្តិសុខខណ្ឌដូនពេញ) និង ២- ឈ្មោះ សំ សុធារ៉ា ប្រុស អាយុ២១ឆ្នាំ (សន្តិសុខខណ្ដដូនពេញ) ដែលបានបង្កហិង្សាទៅលើជនរងគ្រោះ ឈ្មោះ ស៊ូ សុផាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនគរបាលតំរួតបទបញ្ជា ស្នក់នៅផ្ទះលេខ១F ផ្លូវ៨៦ សង្កាត់ស្រះចក ដូនពេញ (រងបួសក្បាល) ។
យោងតាមមន្ត្រីអាវុធហត្ថ បានឲ្យដឹងថា មុនដំបូង ជនសង្ស័យជិះម៉ូតូ០២គ្រឿងមានគ្នា៥នាក់ តាមបណ្តោយផ្លូវ៨៦ពីកើតមកលិច ស្រាប់តែមានម៉ូតូ០១គ្រឿងជារបស់ជនរងគ្រោះជិះតាមពីក្រោយ ភ្លាមនោះពួកគេទាំងសងខាងបានឈប់ម៉ូតូរៀងខ្លួន ហើយជនសង្ស័យ៥នាក់បានចូលទៅសួរ ជនរងគ្រោះដែលជិះម៉ូតូម្នាក់ឯងថា ហេតុអីបានជិះម៉ូតូតាមក្រោយអញ តើឯងមានបំណងអី? ភ្លាមនោះក៏សួរទៅ សួរមកក៏កើតមានជំលោះពាក្យសំដីបណ្តោលអោយវាយទៅវាយមក បណ្តាលអោយឈ្មោះ ស៊ូ សុផាត រងរបួសបែកក្បាល បន្ទាប់មកកំលាំងបានចុះទៅដល់កន្លែងកើតហេតុក៏ឃាត់បានជនសង្ស័យ០២នាក់ខាងលើ រីឯជនសង្ស័យ០៣នាក់ ទៀតបានរត់គេចខ្លួនបាត់តែម្តង។
បច្ចប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅកាល់ម៉ែត ៕