តាកែវ៖ នារសៀលថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី១ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សឹម សឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការចូលរួមពីសំណាក់ អស់លោក លោកស្រី ជានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តតាកែវទាំងអស់ផងដែរ។
ក្នុងអង្គពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី បានធ្វើបទឧទ្ទេសនាមជូនដល់សមាជិកនៃអង្គពិធីទាំងមូលឱ្យបានជ្រួតជ្រាប និងយល់ច្បាស់អំពីការវិវត្តន៍នៃសភាពការណ៍ថ្មីៗទាំងក្នុង និងក្រៅប្រទេស និងផ្តោតសំខាន់លើកកិច្ចការបោះឆ្នោត ព្រមទាំងគូសបញ្ជាក់អំពីតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថក្នុងកិច្ចការងារពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាពខ្ពស់ ប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យដែលត្រូវតែផ្សារភ្ជាប់ជានិច្ចជាមួយនីតិរដ្ឋ និងប្តេជ្ញាការពារដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលមានចេតនាបង្កចលាចល និងភាពវ៉ឹកវរដល់សង្គមជាតិ៕