ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ តំណាងលោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តដល់នាយ នាយរងអាវុធហត្ថចំណុះស្នងការដ្ឋានយុត្តិធម៌ទាំងអស់ ។ កម្មវិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៤កើត ខែជស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ត្រី សូរ សារិន បានលើកឡើងពីសភាពការណ៍វិវត្តន៍ថ្មីៗ សភាពការជាតិ អន្តរជាតិ ពីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជានីតិវិធីនៃដំណើរការបោះឆ្នោត ក្រមសីលធម៌ច្បាប់ស្តីពីលក្ខនិ្តកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងពីតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ ក្នុងការបម្រើជាតិមាតុភូមិនិងប្រជាជន។ ហើយកងរាជអាវុធហត្ថគឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ មានតួនាទីយ៉ាងសំខាន់សម្រាប់សង្គមទាំងមូល ក្នុងការពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយនិងរក្សាសណ្តាប់ធ្នាប់សង្គម។ កងរាជអាវុធហត្ថមានតួនាទីភារកិច្ច និងបំពេញបេសកកម្មខុសពីកងទ័ពដូចជាៈ ប៉ូលីសរដ្ឋបាល ជាមន្ត្រីនគរបាលយុត្តិធម៌, ជាតម្រួតយោធា និងផ្តល់កម្លាំងទៅជួយអន្តរក្រសួងតាមការស្នើសុំ។ ការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនតាមអនុក្រិត្យលេខ៧៧ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ហើយស្ថិតក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះកងរាជអាវុធហត្ថត្រូវតែចូលរួមរក្សាការពារដំណើរការបោះឆ្នោតគ្រប់ដំណាក់កាល ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ ជាពិសេសកងរាជអាវុធហត្ថត្រូវតែគោរពច្បាប់បោះឆ្នោត ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ គោរពសិទ្ធមនុស្ស និងបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ជាចុងក្រោយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់នាយ នាយរងអាវុធហត្ថទាំងអស់ត្រូវបន្តនូវគុណសម្បត្តិដ៏ដំធេងបន្ថែមទៀត ត្រូវមានឆន្ទៈ និងភាពស្មោះត្រង់ចំពោះ តួនាទីភារកិច្ចទាំងអស់នេះហើយគឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងស្ថេរភាពសង្គមហើយត្រូវប្តូរផ្តាច់ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ ដែលប្រទេសជាតិយើងកំពុងមានសព្វថ្ងៃ ឱ្យនៅគង់វង្សរីកចម្រើនតទៅមុខជានិរន្តរ៍ និងត្រូវលើកកំពស់ស្មារតីស្រឡាញ់ជឿជាក់ស្មោះត្រង់ដាច់ខាតប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងគ្រប់កាលៈទេសៈ មិនឲ្យមានបដិវត្តពណ៌កើតឡើងនៅប្រទេសកម្ពុជាយើងជាដាច់ខាត៕