You are currently viewing បន្ទាប់ពីធ្វើការស្រាវជ្រាវ អស់រយៈពេល ៦ថ្ងៃ កម្លាំងអាវុធហត្ថខេត្តកណ្តាល បង្ក្រាបបានជនសង្ស័យជាបន្តបន្ទាប់ លើករណីគោះផ្ទះលួចយកទូរស័ព្ទ

បន្ទាប់ពីធ្វើការស្រាវជ្រាវ អស់រយៈពេល ៦ថ្ងៃ កម្លាំងអាវុធហត្ថខេត្តកណ្តាល បង្ក្រាបបានជនសង្ស័យជាបន្តបន្ទាប់ លើករណីគោះផ្ទះលួចយកទូរស័ព្ទ

បន្ទាប់ពីធ្វើការស៊ើបអង្កេតស្រាវជ្រាវ អស់រយៈពេល​ ៦ថ្ងៃលើករណីលួចមានស្ថានទម្ងន់ទោសមួយដែលកើតឡើងកាលពីវេលាម៉ោង ៩:៣០នាទី ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំចសំរិទ្ធសក័ ព.ស២៥៦២ ត្រូវថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ មានករណីលួច (គាស់ផ្ទះលួចយកទូរសព្ទ័) មួយកើតឡើងនៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បង្ករដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ និងកាត់សោរផ្ទះរបស់ជនរងគ្រោះឈ្មោះ ចេប ចាន់រី ភេទប្រុស អាយុ ៣១ឆ្នាំ​ មុខរបរលក់ទូរស័ព្ទ មានទីលំនៅផ្ទះកើតហេតុខាងលើ។

សម្ភារៈបាត់បង់រួមមាន៖

១-ទូរសព្ទ័ដៃជាង ៩០គ្រឿ គិតជាទឹកប្រាក់ជាង ១៣០០០ដុល្លា ។

២-បាត់បងប្រាក់រៀល ០១លាន ៥០ម៉ឺនរៀល ប្រាក់ដុល្លាជាង ៧០ដុល្លា ។​

សរុបជាទឹកប្រាក់ប្រមាណ ១៣៥០០ដុល្លា។

មូលហេតុៈ នៅមុនពេលកើតហេតុជនរងគ្រោះបានចាក់សោរផ្ទះចោល រួចនាំគ្នាទាំងគ្រួសារទៅចូលរួមមង្គលការបងប្រុសរបស់ខ្លួននៅភូមិស្ទឹងជ្រៅ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។ លុះដល់វេលាម៉ោងប្រហែល ១១:១០នាទីថ្ងៃដដែល ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ឃើញសភាពរាយប៉ាយក្នុងផ្ទះ ទើបដឹងថាមានចោរចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះក៏រាយការណ៍មកសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងតាខ្មៅ។

ជំនាញខេត្តនិងក្រុងស្រុកពាក់ព័ន្ធបានចុះអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត រហូតឈានដល់ការកំណត់មុខសញ្ញាជនសង្សយ័បានមួយចំនួន។ ដោយមានការសម្របសម្រួលកិច្ចនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល រាជធានីភ្នំពេញ តាមដំណាក់កាលនីមួយៗ ដើម្បីពន្លាតសមត្ថកិច្ចដែនដី ដោយមានការសហការល្អ រវាងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ ក្នុងការស្រាវជ្រាវស្វែងរកចាប់ខ្លួនមុខសញ្ញាជនសង្ស័យ ទទួលបានលទ្ធផលដូចខាងក្រោម:

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញកងរាជអាវុធហត្ថ បានចាប់ជនសង្ស័យឈ្មោះ គី ប៊ុនអេង ភេទប្រុស នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយដឹងថាមានសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យក៏បើកម៉ូតូរត់គេចខ្លួនតែត្រូវកម្លាំងយើងឃាត់ខ្លួនជនសង្សយ័ឈ្មោះ គី ប៊ុនអេង ភេទប្រុសអាយុ ៣៣ឆ្នាំ (ស្នាក់នៅផ្ទះជួលភូមិ១ សង្កាត់ស្ទឹងមានជយ័៣ ខណ្ឌមានជយ័ រាជធានីភ្នំពេញ) ។

-ដកហូតវត្ថុតាងនិងសម្ភារៈជាប់ខ្លួនមានម៉ូតូម៉ាក Honda dream C125 ពណ៌ខ្មៅសេរី០១៤ស្លាកលេខភ្នំពេញ1CG.1272 និងទូរស័ព្ទចំនួន០៤គ្រឿង។ នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា៖ ឈ្មោះ ម៉ៅ វិទូ ភេទប្រុស អាយុ២៣ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ជាអ្នកធ្វើសកម្មភាពចូលកាត់សោរ និងគាស់ផ្ទះនៅចំណុចខាងលើចូលយកទូរសព្ទ័ប្រមាណជិត១០០គ្រឿង យកមកចែកគ្នា រួចនាំគ្នាគេចខ្លួនរហូតដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន។​​

បន្តមកទៀតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្សយ័ម្នាក់ទៀតឈ្មោះ ម៉ៅ វិទូ ភេទប្រុស អាយុ២៣ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដកហូតវត្ថុតាងនិងសម្ភារ:ជាប់ខ្លួនមានទូរស័ព្ទចំនួន ០១គ្រឿង។ រួចបន្តចុះឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះ គី ប៊ុនអេង ចំនួន ០២បន្ទប់ នៅចំណុចភូមិលេខ១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រកឃើញនិងចាប់យកវត្ថុតាងរួមមាន៖

ទូរសព្ទ័ដៃចំនួន ៤៤ គ្រឿង

-ម៉ាក Iphon​ ចំនួន ០២ គ្រឿង

-ម៉ាក Samsung ចំនួន ០១ គ្រឿង

-ម៉ាក Huawei ចំនួន ១៥ គ្រឿង

-ម៉ាក Hiya ចំនួន ០៥ គ្រឿង

-ម៉ាក Moto ចំនួន ០៣ គ្រឿង

-ម៉ាក Camfone ចំនួន ០៤ គ្រឿង

-ម៉ាក Nokia អ៊ិនចុចពិល ចំនួន ០៦ គ្រឿង នឹង Nokai ថាច់០២ គ្រឿង

-ម៉ាក Meizu ចំនួន ០៥ គ្រឿង

-ម៉ាក Telego ចំនួន ០១ គ្រឿង ។

 

នៅវេលាម៉ោង ២០:០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញខេត្តកណ្តាល ស្រុកអង្គស្នួល និងអាជ្ញាធរដែនដី បានធ្វើការឃាត់ខ្លួនជនសង្សយ័ពីរនាក់បន្ថែមទៀត ១/ឈ្មោះ ស្រី ចាន់រ៉ា ភេទស្រី អាយុ​ ៣៤ឆ្នាំ មុខរបរមេផ្ទះ (អតីតប្រពន្ធជនសង្សយ័ គី ប៊ុនអេង) ពីបទទទួលផលចោរកម្ម ២/ឈ្មោះ ចំរើន រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ (ប្តីចុង) ករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនជាក់ស្តែង នៅចំណុចផ្ទះជួល បន្ទប់លេខ BO 04 ភូមិថ្នល់ទទឹងឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ការឃាត់ខ្លួននេះដោយដឹងថាពីរនាក់ប្តីប្រពន្ធ ជាមុខសញ្ញាចែកចាយ ប្រើប្រាស់គ្រឿងញៀននិងទទួលផលចោរកម្ម (ករណីខាងលើ) កម្លាំងជំនាញបានសុំការអនុញ្ញាតិពីសាមីខ្លួនជាម្ចាស់បន្ទប់ ដោយមានការចូលរួមពីម្ចាស់ផ្ទះជួល និងអាជ្ញាធរដែនដី ពិសេសដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ធ្វើការឆែកឆេរបន្ទប់ជួលជាក់ស្តែងឃើញជនសង្សយ័ឈ្មោះ ចំរើន រតនា កំពុងជក់គ្រឿងញៀន ជាលទ្ធផលយើង រកឃើញនិងចាប់យកវត្ថុតាងរួមមាន៖ ១/គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ០៤កញ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀន ។

២/ដាវសាមម៉ារ៉ៃចំនួន ០១ដើម និងស្នាប់ដៃចំនួនមួយ ។

ដោយឡែកទូរស័ព្ទ ០១គ្រឿង និង​ipad មីនី ០១គ្រឿង ដែលប្តីដើម (គី ប៊ុនអេង) លួចពីជនរងគ្រោះ(ចេប ចាន់រី) យកមកឲ្យខ្លួននោះ គឺទូរស័ព្ទយកទៅលក់នៅផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ បានប្រាក់៣០ដុល្លា និងipad មីនី ០១គ្រឿង ខ្លួនឲ្យទៅកូនប្រុសនៅរាជធានីភ្នំពេញទុកប្រើ ។

ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដោយភាពទទួលខុសត្រូវខ្ពស់ ជាបន្តបន្ទាប់រួចមក កម្លាំងជំនាញបានរកឃើញនិងចាប់យកវត្ថុតាង (ទូរសព្ទ័ដៃ) ជារបស់ជនរងគ្រោះបានចំនួន​៤៤គ្រឿងនិងបានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ប្រគល់ជូនជនរងគ្រោះវិញទាំងអស់។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី។