ស្វាយរៀង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្ដិ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោកប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ និងលោកមេបញ្ជាការក្រុង/ស្រុកទាំង៨ ពិធីនេះប្រព្រិត្តិទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានមានប្រសាសន៍ថាៈ ក្នុងនាមលោកឧត្តមសេនីយ៍ត្រី សូមចូលរួមអបអរសាទរ និងសម្តែងនូវការកោតសរសើរវាយតម្លៃខ្ពស់ ចំពោះស្នាដៃអស់លោក លោកស្រីជានាយទាហាននៃកងរាជអាវុធហត្ថ ទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីបេសសកម្មរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ។ ការតម្លើងឋានន្តរស័ក្តិនិងប្រកាសមុខងារ នាពេលនេះបានបង្ហាញនូវការយកចិត្តទុកដាក់ពី មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ដែលបានខិតខំបំពេញតួនាទីមិនខ្លាចនឿយហត់ ហានធ្វើពលីកម្មគ្រប់ឧបសគ្គ ក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខសាន្តជូនប្រជាជន។ លោកឧត្តមសេនីយ៍បានបន្តទៀតថា៖ យើងត្រូវតែបន្តរួបរួមគ្នាធ្វើកិច្ចការដ៏សំខាន់មួយចំនួនទៀតគឹៈ ពាក់ព័ន្ធជាមួយ និងភារកិច្ចកងរាជអាវុធហត្ថ នៅពេលខាងមុខនេះគឺប្រទេសយើងដែលមានការរៀបចំការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដូច្នេះយើងជាកងរាជអាវុធហត្ថត្រូវតែរួបរួមគ្នាបំពេញតួនាទីធ្វើឱ្យសន្តិសុខសណ្តាប់ធ្នាប់មានភាពល្អប្រសើរ ដើម្បីបង្កបរិយាកាសបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធ៌ម ជាចុងក្រោយឧត្តមសេនីយ៍ បានរលឹកដល់នាយទាហាន ទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវបទបញ្ជាមេបញ្ជាការ និងបទបញ្ជាតាមឋានានុក្រមក្នុងកងយោធពលខេមរភូមិន្ទ ត្រូវតម្កល់ផលប្រយោជន៍ជាតិខ្ពស់ជាងអ្វីៗទាំងអស់ និងខិតខំការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយដាច់ខាតមិនឱ្យមានបដិវត្តពណ៌បំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយទោះបីឋិតក្នុងតម្លៃណាក៏ដោយ៕