បាត់ដំបង ៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំ នាយអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ លោកវរសេនីយ៍ត្រី ឆេង ឆន អនុប្រធានមន្ទីរភស្តុភា កងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន និងបានប្រគល់ជូននូវថាវិកាចំនួន ៤.៣០០.០០០រៀល (បួនលាន បីសែនរៀល) ដល់លោកវរសេនីយ៍ ដើម្បីជួយសម្រាលបន្ទុកក្នុងក្រុមគ្រួសារសម្រាប់ថ្លៃព្យាបាលបានមួយកម្រឹតផងដែរ បើទោះបីវាមិនមានចំនួនច្រើនប៉ុន្តែវាបានមកពីការចូលរួមដោយស្ម័គ្រចិត្តរបស់បងប្អូនដែលជាមន្ត្រីអាវុធហត្ថខេត្តបាត់ដំបង ដោយទឹកចិត្តគោរពស្រឡាញ់ក្នុងនាមលោកជាមន្ត្រីល្អ និងគំរូមួយរូប។ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានមេបញ្ជាការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសូមឱ្យលោកខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ គោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងជូនពរឆាប់ជាសះស្បើយពីជម្ងឺ ដើម្បីបានបន្តបម្រើការងារជូនអង្គភាពវិញ ក្នុងបុព្វហេតុរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សំដៅពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា ។
លោកវរសេនីយ៍ត្រី ឆេង ឆន និងក្រុមគ្រួសារបានសម្តែងនូវការសប្បាយរីករាយ និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ដែលជានិច្ចកាលតែងតែបានយកចិត្តទុកដាក់ខ្ពស់ដល់មន្ត្រីក្រោមឱវាទ ទាំងការរស់នៅ ហូបចុក ស្លៀកពាក់ អនាម័យ និងអំពីសុខទុក្ខដល់កម្លាំងក្រោមឱវាទទាំងអស់ និងយកឱកាសនេះថ្លែងអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងអស់ ជោគជ័យគ្រប់ភារកិច្ចការងារ ទទួលបាននូវពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។