You are currently viewing លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជិត ៥០ លានរៀល ប្រគល់ជូនគ្រួសារសព

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជិត ៥០ លានរៀល ប្រគល់ជូនគ្រួសារសព

ព្រះសីហនុ៖ ព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៤៩.៥៣១.០០០រៀល ( សែសិបប្រាំបួនលានប្រាំសែនបីម៉ឺនមួយពាន់រៀល ) ប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ឯក ឆេង សុខនី មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់។ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឱ្យដឹងថាថវិកាទាំងនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់លោកនាយឧត្តមសេនីយ៍ ដែលមានចំពោះ មន្រ្តីក្រោមឱវាទ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជនដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរ ថវិកា ចំនួន ៥.០០០.០០០រៀល គឺជាថវិកាផ្ទាល់ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។
ភរិយាដែលជាគ្រួសារសពលោកអនុសេនីយ៍ឯក ឆេង សុខនី ក៏បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្ត នឹងការលះបង់របស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងទទួលបាននូវពុទ្ធពរ ទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។