You are currently viewing លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដាក់ផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដាក់ផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថ

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ  បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មី និងផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានសមាសភាពចូលរួមពីបណ្តាមន្ទីរ ការិយាល័យ មូលដ្ឋានក្រុងស្រុក ស្នាក់ការសន្តិសុខ និងនាយ-នាយរងអាវុធហត្ថជាច្រើនរូបទៀត ។

ក្នុងពិធីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មានប្រសាសន៍ថា ៖ ដោយបានការយកចិត្តទុកដាក់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាលលោកតែងយកចិត្តទុកដាក់ខ្ពស់ និងណែនាំចង្អុលបង្ហាញដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវប្រឹងប្រែងកសាងខ្លួន បង្កើនសមត្ថភាព ហ្វឹកហ្វឺនរៀនសូត្រ  ក្នុងកិច្ចបំពេញតួនាទី-ភារកិច្ច ប្រកបដោយឆន្ទៈស្មោះត្រង់ ដែលតបស្នងមកវិញដោយការលើកសរសើរ និងផ្តល់រង្វាន់យសសក្តិជូនអស់លោកវិញ ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានផ្សព្វផ្សាយខ្លឹមសារ ០៧ចំណុច របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មានដូចខាងក្រោម ៖

១-កិច្ចការពារ ថែរក្សាសន្តិសុខសណ្តាប់ក្នុងដំណើរការបោះឆ្នោតខាងមុខ ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយគ្មានអំពើហឹង្សា ។

២-ក្តាប់ព័ត៌មាន និងទប់ស្កាត់ការញុះញង់មិនឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ។

៣-ការងារប្រតិបត្តិការ ចាត់ចែងបែងចែកការងារតាមតួនាទី ភារកិច្ច ចាត់តាំងប្រចាំការ ប្រចាំបញ្ជា ត្រៀមកម្លាំងអន្តរាគមន៍ ២៤/២៤ម៉ោង ការគ្រប់គ្រងកម្លាំង ប្រើប្រាស់កម្លាំងចុះប្រតិបត្តិការ និងការប្រើប្រាស់មធ្យោបាយទាក់ទងផ្សេងៗ ។

៤-ការងារមន្ត្រីនគរបាលយុត្តិធម៌ ទប់ស្កាត់បង្រ្កាបរាល់មុខសញ្ញាបទល្មើសដែលកើតមានឡើងក្នុងភូមិសាស្រ្ត ។

៥-ការងារហ្វឹកហ្វឺន និងអប់រំចិត្តសាស្រ្ត ។

៦-ការងារកសាងអង្គភាព សាងសង់ទីកន្លែងស្នាក់នៅ កន្លែងធ្វើការងារ ហូបចុក ស្លៀកពាក់ ហាត់ប្រាណ និងកីឡា ។ ៧-ត្រួតពិនិត្យមធ្យោបាយ គ្រឿងបំពាក់ ការបំពាក់អាវុធត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ ។

លោកឧត្តមសេនីយ៍ បានរំលឹកដល់អាវុធហត្ថគ្រប់រូបត្រូវជួយជំរុញសាច់ញាតិ និងអ្នកជិតខាងឱ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩  ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឱ្យបានគ្រប់ៗគ្នា ។