You are currently viewing ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាសាលាបឋមសិក្សាទួលតារាម និងបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាសាលាបឋមសិក្សាទួលតារាម និងបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការ

ស្វាយរៀង៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សាទួលតារាម និងបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការ ស្ថិតនៅភូមិថ្លុកវាយទី២ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារចុះជួយតាមបណ្តាឃុំ ភូមិ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀងជាច្រើនរូបផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សាទួលតារាម និងបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការ នាពេលនេះ និងបានពាំនាំការនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹករលឹក ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ លោកយាយ លោកតា បងប្អូន យុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលបានចូល និងសូមជូនពរ លោកយាយ លោកតា បងប្អូនទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូរ អាយុយឺនយួរ មានកម្លាំងពលំមាំមួន មានសុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបានជោគជ័យនៅក្នុងគ្រប់កិច្ចការងារផងដែរ។ នាយឧត្តមសេនីយ៍ សូមចូលរួមអបអរសាទរនូវសមិទ្ធផលដែលមានសាលារៀនមួយខ្នងថ្មីនេះ និងសូមរំលឹកនូវសភាសិតខ្មែរដែលបានលើកឡើងថា ផឹកទឹកកុំភ្លេចប្រភព បានផ្លែហូបកុំភ្លេចអ្នកដាំ ហើយយើងរៀបចំពិធីនៅថ្ងៃនេះ គឺរៀបចំដោយសុខសន្តិភាព និងភាពសម្បូរសប្បាយ និងគ្មានភិតភ័យអ្វីទាំងអស់ នេះហើយជាការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានដឹកនាំធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិដូចសព្វថ្ងៃនេះ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពរស់នៅរបស់ប្រជាជនក៏បានប្រែមុខមាត់គួរឱ្យកត់សម្គាល់ផងដែរ ។ នាយឧត្តមសេនីយ៍បានបន្តថា សមិទ្ធផលទាំងនេះគឺវាមិនអាចកើតឡើងដោយឯកឯងបាទទេ ប្រសិនណាគ្មានសន្តិភាព និងស្ថិតក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ គឺបានបញ្ចប់សង្គ្រាមទាំងស្រុងនៅប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះផងដែរលោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់ រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្សសម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត។ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ រួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនុវត្ដឱ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព ជៀសឲ្យផុតគ្រឿងញៀន មិនត្រូវមានបងតូច បងធំ និងក្រុមក្មេងទំនើង និងចូលគោរពច្បាប់ចរាចរណ៍ និងមិនត្រូវជឿតាមការញុះញង់របស់ជនអគតិមួយក្តាប់តូចដែលតែងតែ រារាំងដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។ បងប្អូនទាំងអស់គ្នា ត្រូវចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខកុំបីអាក់ខានឡើយ និងត្រូវជ្រើសរើសថ្នាក់ដឹកនាំដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រទេសជាតិ។