បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះនៅបញ្ជាការដ្ឋានកងរាជអាវុធខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាលើការងារពាក់ព័ន្ធទៅនឹងការអនុវត្តនីតិវិធីព្រហ្មទណ្ឌ ក្រោមធិបតីភាព លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកមេបញ្ជាការរងនិងមន្ត្រីនគរបាលយុត្តិធម៌ចំនួន៩២នាក់មកពីមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងមន្ទីរ ការិយាល័យពាក់ព័នជាច្រើននាក់បានចូលរួមផងដែរ។ ក្នុងកិច្ចប្រជុំនេះដែរ លោក ផាន់ វណ្ណរ័ត្ន បានមានប្រសាសន៍ថា ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវអនុវត្តភារកិច្ចឲ្យបានត្រឹមត្រូវ ជៀសវាងមានកំហុសឆ្គង។កន្លងមកមន្ត្រីនគបាលយុត្តិធម៍ដែលស្ថិតក្នុងដែនសមិត្ថកិច្ចខេត្តបន្ទាយមានជ័យ បានខិតខំទប់ស្កាត់បទល្មើសគ្រប់ប្រភេទដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានរលូននិងស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាគួរឲ្យកត់សំគាល់។ទន្ទឹមនិងការងារល្អក៏នៅមានបញ្ហាប្រឈមមួយចំនួននៅក្នុងការអនុវត្តការងារនេះផងដែរ។ លោក ផាន់ វណ្ណរ័ត្ន បានបញ្ជាក់ទៀតថា ដើម្បីឲ្យការអនុវត្តរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងដែនដីខេត្តបន្ទាយមានជ័យ ឲ្យកាន់តែមានភាពរលូន និងមានប្រសិទ្ធភាពស្របតាមនីតិវិធីព្រហ្មទណ្ឌនោះអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានអញ្ជើញលោកមេបញ្ជាការ មេបញ្ជាការរងនិងមន្ត្រីក្រោមឱវ៉ាទទាំងអស់ឲ្យចូលរួមពិភាក្សាអំពីបញ្ហាប្រឈមនិងរកដំណោះស្រាយក្នុងការអនុវត្តន៍នីតិវិធីព្រហ្មទណ្ឌឲ្យបានល្អទៅថ្ងៃមុខផងដែរ លោក ផាន់ វណ្ណរ័ត្ន បានធ្វើការផ្ដាំផ្ញើដល់មន្ត្រីនគរបាលយុត្តិធម៌ដែលបានចូលរួមប្រជុំទាំងអស់ថា ក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៌ធ្វើយ៉ាងណាកសាងសំណុំរឿងអោយមានភាពយុត្តិធម៌កុំអោយ (ស ទៅ ខ្មៅ ឬ ខ្មៅ ទៅ ស)ដើម្បីរកភាពយុត្តិធម៌ជូនប្រជាពរដ្ឋទាំងអស់គ្នា៕