សៀមរាប៖ ព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មី និងផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានសមាសភាពចូលរួមលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។
ក្នុងពិធីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មានប្រសាសន៍ថា ៖ ដោយបានការយកចិត្តទុកដាក់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាលលោកតែងយកចិត្តទុកដាក់ខ្ពស់ និងណែនាំចង្អុលបង្ហាញដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវប្រឹងប្រែងកសាងខ្លួន បង្កើននូវសមត្ថភាព ហ្វឹកហ្វឺនរៀនសូត្រ ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយឆន្ទៈ ស្មោះត្រង់ ដែលតបស្នងមកវិញដោយការលើកសរសើរ និងផ្តល់រង្វាន់យសសក្តិជូនអស់លោកវិញ ។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី ក៏បានផ្សព្វផ្សាយខ្លឹមសារ ០៧ចំណុច របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មានដូចខាងក្រោម ៖
១-កិច្ចការពារ ថែរក្សាសន្តិសុខសណ្តាប់ក្នុងដំណើរការបោះឆ្នោតខាងមុខ ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយគ្មានអំពើហឹង្សា ។
២-ក្តាប់ព័ត៌មាន និងទប់ស្កាត់ការញុះញង់មិនឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ។
៣-ការងារប្រតិបត្តិការ ចាត់ចែងបែងចែកការងារតាមតួនាទី ភារកិច្ច ចាត់តាំងប្រចាំការ ប្រចាំបញ្ជា ត្រៀមកម្លាំងអន្តរាគមន៍ ២៤/២៤ម៉ោង ការគ្រប់គ្រងកម្លាំង ប្រើប្រាស់កម្លាំងចុះប្រតិបត្តិការ និងការប្រើប្រាស់មធ្យោបាយទាក់ទងផ្សេងៗ ។
៤-ការងារមន្ត្រីនគរបាលយុត្តិធម៌ ទប់ស្កាត់បង្រ្កាបរាល់មុខសញ្ញាបទល្មើសដែលកើតមានឡើងក្នុងភូមិសាស្រ្ត ។
៥-ការងារហ្វឹកហ្វឺន និងអប់រំចិត្តសាស្រ្ត ។
៦-ការងារកសាងអង្គភាព សាងសង់ទីកន្លែងស្នាក់នៅ កន្លែងធ្វើការងារ ហូបចុក ស្លៀកពាក់ ហាត់ប្រាណ និងកីឡា ។
៧-ត្រួតពិនិត្យមធ្យោបាយ គ្រឿងបំពាក់ ការបំពាក់អាវុធត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ ។
លោកឧត្តមសេនីយ៍ បានរំលឹកដល់អាវុធហត្ថគ្រប់រូបត្រូវជួយជំរុញសាច់ញាតិ និងអ្នកជិតខាងឱ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឱ្យបានគ្រប់ៗគ្នា ។