បាត់ដំបង៖ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យថ្នាក់ដឹកនាំអាវុធហត្ថគ្រប់រូបយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ទាំងការស្លៀកពាក់ ស្នាក់នៅ ហូបចុក និងអំពីសុខទុក្ខ ជាក់ស្តែងព្រឹកថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ជឹម ចិន្តា សមាជិក អាវុធហត្ថខេត្តបាត់ដំបង ដែលមានជម្ងឺនឹងកំពុងសម្រាកព្យាបាលនៅលំនៅដ្ឋាន។ ក្នុងពេលសាកសួរសុខទុក្ខនោះផងដែរលោកឧត្តមសេនីយ៍ត្រី ក៏បានផ្តល់ជូននូវថវិកាចំនួន ៣.០០០.០០០៛ (បីលានរៀល) ដែលជាថវិកាគ្រួសារអាវុធហត្ថខេត្តបាត់ដំបង។ លោកឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើសូមឱ្យយកចិត្តទុកដាក់ប្រឹងប្រែងព្យាបាលជំងឺដើម្បីឱ្យបានឆាប់ជាសះស្បើយផងដែរ ។
លោកអនុសេនីយ៍ត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទទាំងអស់ ធ្វើឱ្យមន្ត្រីក្រោមឱវាទយកអស់កម្លាំងកាយចិត្តអនុវត្តនូវតួនាទីភារកិច្ច និងការងារ មានការទទួលខុសត្រូវខ្ពស់ គោរពតាមបទបញ្ជា គោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល និងសូមជូនពរថ្នាក់ដឹកនាំកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ទទួលបាននូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។