You are currently viewing ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តប្រចាំឆមាសទី១ ឆ្នាំ២០១៨

ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តប្រចាំឆមាសទី១ ឆ្នាំ២០១៨

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការទទួលការងារទំនាក់ទំនងសាធារណៈកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តប្រចាំឆមាសទី១ ឆ្នាំ២០១៨ ដល់នាយ នាយរងអាវុធហត្ថចំនួន ៤៩០ នាក់ ដែលចាប់ផ្តើមនាព្រឹកថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី បានលើកឡើងអំពីការពង្រឹងគោលជំហរសតិអារម្មណ៍នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថគ្រប់រូប ក្ដាប់ជាប់នូវការវិវត្តន៍នៃសភាពការណ៏ថ្មីៗ និងបញ្ហាសន្ដិសុខលើសកលលោក ឱ្យនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថយល់ជ្រួតជ្រាបនូវតួនាទីភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ កងរាជអាវុធហត្ថត្រូវតែចូលរួមរក្សាការពារដំណើរការបោះឆ្នោតគ្រប់ដំណាក់កាលដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយកងរាជអាវុធហត្ថត្រូវតែគោរពច្បាប់បោះឆ្នោតប្រកាន់ភ្ជាប់ក្រមសីលធម៌នៃដំណើរការបោះឆ្នោត។

ជាមួយនោះផងដែរ! ឧត្តមសេនីយ៍ទោ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ឱ្យយល់ជ្រួតជ្រាប អំពីកិច្ចការងារដែលត្រូវទទួលខុសត្រូវហើយមើលឱ្យឃើញអំពីព្រឹត្តិការថ្មីៗ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស របស់រាជរដ្ឋាភិបាលហើយការពារឱ្យបានរដ្ឋាភិបាលស្របច្បាប់គឺៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងក្រោយលោកឧត្តមសេនីយ៍ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ក្រោយពីបានចូលរួមប្រជុំផ្សព្វផ្សាយហើយត្រូវយកខ្លឹមសារទាំងនេះទៅផ្សព្វផ្សាយបន្តដល់មិត្តភក្តិ ក្រុមគ្រួសារបងប្អូន កូនចៅនិងនាយ នាយរងក្រោមឱវាទរបស់ខ្លួនឱ្យបានយល់ដឹងគ្រប់ៗគ្នា៕