អហ.ស្វាយរៀង៖ អាវុធហត្ថ នៅខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ បាននឹងកំពុងប្រារព្ធពិធីបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋាន ទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ជៀង អំ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម គឹម ធា ប្រធានក្រុម ប្រឹក្សាខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ នាយអាវុធហត្ថជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឡើងអានរបាយការណ៍ អំពីទីតាំងថ្មី ដែលត្រូវបានស្ថាបនាឡើងលើផ្ទៃដីចំនួន ២៨៧២៦ ម៉ែត្រក្រឡា ហើយទីតាំងទាំងមូលត្រូវផ្តើម សាងសង់អគារមួយខ្នង កម្ពស់បីជាន់ដែលមានទទឹងង១១ម៉ែត្រ និងបណ្តោយ៥៦ម៉ែត្រ ហើយការសាង សង់ត្រូវប្រើរយៈពេល១២ខែ និងចំណាយថវិការ ប្រមាន ៤២៥០០០ ដុល្លារសហរដ្ឋអាមេរិក ហើយថវិកាទាំងនោះបានមកពីការជួយឧបត្ថម្ភពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន ជាតិ និងអន្តរជាតិ។ ក្រោយពីបានស្តាប់របាយការណ៍លោកឧត្តមសេនីយ៍ត្រីមេបញ្ជាកការកង រាជអាវុធហត្ថ ខេត្តស្វាយរៀងរូចមក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថាៈ រយៈពេលកន្លងមក កងរាជអាវុធហត្ថទាំងមូលសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សម្រេចបានស្នាដៃធំៗជាច្រើនក្នុងបុព្វហេតុធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សា សុវត្ថិភាពជូន ប្រជាពលរដ្ឋនិងសង្គមជាតិ ដោយចូលរូមបង្កា ទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបរាល់បទល្មើស ដូចជាអំពើប្លន់ ប្រដាប់អាវុធ ឃាតកម្ម ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ការចាប់ បង្ខាំងមនុស្សជំរិត ទាប្រាក់ អំពើលួច រំលោភសេពសន្ធវៈ និងអំពើហឹង្សា ។ល។ ជាពិសេសបានចូលរូមអនុ វត្តច្បាប់និងបទ បញ្ជាផ្សេងៗដូចជាៈ សហការជាមួយនគបាលជាតិដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក អង្គការអភិរក្សសត្វព្រៃនិងដែលជីវៈចំរុះ ទប់ស្កាត់និងបង្ក្រាបការកាប់ព្រៃឈើ និងបទល្មើសព្រៃឈើនានា ការពារធននាធធម្មជាតិ និងបង្ក្រាបបទល្មើសគេចពន្ធដើម្បីជួយប្រមូលចំណូលថវិការជួនជាតិផងដែរ។
បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងនូវការកោតសរសើរនិងលើកទឹកចិត្តដល់ មេបញ្ជាការ មេបញ្ជាការរង នាយ នាយរង និងពលអាវុធហត្ថខេត្តទាំងអស់ និងសូមបន្តយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយមានការទទួលខុសត្រូវខ្ពស់ ធ្វើការជាសមូហភាព សាមគ្គីភាពផ្ទៃក្នុង ជាបន្ត្រីប្រតិបត្តិច្បាប់ ហើយត្រូវអប់រំខ្លួនអោយក្លាយជាអាវុធហត្ថគំរូនិងឆ្នើម ដែលធានាបាននូវលក្ខណៈ សម្បត្តិប្រាំយ៉ាងគឺ ស្មោះត្រង់ ស្អាតស្អំ សុភាពរាបសារ ឆ្លាតវៃ ឆន្ទៈក្លាហាននិង អំណត់ព្យាយាម ។ ទន្ទឹមនិងនេះដែរ ឯកឧត្តម សូមអោយអស់លោក មេបញ្ជាការអាវុធហត្ថខេត្តផ្សេងៗ ទៀតរៀនសូត្រតាម លោកមេបញ្ជាការកងរាជាអាវុធហត្ថខេត្តស្វាយរៀងផងដែរ។ ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន ជាតិ និងអន្តរជាតិ ដែលបានជួយឧបត្ថម្ភថវិកាក្នុងការសាងសង់អគារថ្មី និងជូនពរជូនពរ ឯកឧត្តម គណៈអធិបតី ភ្ញៀវកិត្តិយស និងអង្គពិធីទាំងមូល សូមជួបតែពុទ្ធពរទាំងបួនប្រការ ក្នុងឪកាលចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ជៀង អំ អភិបាលខេត្តស្វាយរៀង បានឧបត្ថម្ភថវិកា ១០.០០០ដុល្លារផងដែរ៕