ភ្នំពេញ៖ រសៀលថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ទោ វូ ម៉ីនលឿង មេបញ្ជាការយោធភូមិភាគ៧ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកឧត្តមសេនីយ៍ទោ វូ ម៉ីនលឿង មេបញ្ជាការយោធភូមិភាគ៧ បានមានប្រសាសន៍ថា លោកអញ្ជើញមកនេះ ដើម្បីជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយមេបញ្ជាការកងរាជអាវុធហត្ថ ព្រមទាំងនាយទាហាននៃកងរាជអាវុធហត្ថ។ លោកឧត្តមសេនីយ៍ទោ វូ ម៉ីនលឿង ក៏បានជំរុញឱ្យបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងនាយទាហានវ័យក្មេងប្រទេសទាំងពីរកម្ពុជា វៀតណាម ដើម្បីថែរក្សាចំណងមិត្តភាព សាមគ្គីភាពកម្ពុជា វៀតណាម។
លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លៃងនូវអរគុណចំពោះលោកឧត្តមសេនីយ៍ទោ វូ ម៉ីនលឿង និងប្រតិភូភូមិភាគ៧ ដែលបានអញ្ជើញមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា កងរាជអាវុធហត្ថមានទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយកងទ័ពប្រជាជនវៀតណាម វរការពារព្រំដែន ព្រមទាំងភូមិភាគ៧។ ជាមួយនោះ លោកនាយឧត្តមសេនីយ៍ ក៏បានជម្រាបជូនប្រតិភូពីសភាពការណ៍នយោបាយនៅកម្ពុជា ស្ថេរភាព សន្តិសុខត្រូវបានថែរក្សា ជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ អ្នកវិយោគនៅតែប្រកបអាជីវកម្មនៅកម្ពុជា។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ នៅតែដំណើរការតាមពេលកំណត់ ដែលកងរាជអាវុធហត្ថមានភារកិច្ចថែរក្សាបរិយាកាសល្អក្នុងការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គ្មានអំពើហិង្សា។ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានជូនពរដល់លោកឧត្តមសេនីយ៍ទោ និងប្រតិភូ សូមទទូលជោគជ័យក្នុងដំណើរបំពេញបេសកកម្មនៅកម្ពុជា និងមាតុភូមិនិវត្តទៅប្រកបដោយសុវត្ថិភាព។