បាត់ដំបង ៖ នៅបញ្ជាការកងរាជអាវុធហត្ដខេត្តបាត់ដំបង បានធ្វើការផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ដល់កម្លាំងកងអនុសេនាធំកំពុងហ្វឹកហ្វឺនការរក្សាសណ្តាប់ធ្នាប់ ក្រោមការដឹកនាំ និងឧទ្ទេសនាមដោយលោកឧត្តមសេនីយ៍ត្រី មាស សំរិទ្ធ មេបញ្ជាការរងទទួលផែនអប់រំបណ្តុះបណ្តាល និងហ្វឹកហ្វឺន កម្មវិធីនេះនៅថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ។ លោកឧត្តមសេនីយ៍ បានលើកឡើងពីសភាពវិវត្តន៍ថ្មីៗ សភាពការជាតិ សភាពការណ៍អន្តរជាតិ ពីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា នីតិវិធីនៃដំណើរការបោះឆ្នោតតាមតំណាក់កាលនីមួយៗ ក្រមសីលធម៌ ច្បាប់លក្ខនិ្តកៈ និងបទវិន័យទូទៅរបស់ កងយោធពលខេមរភូមិន្ទ និងពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ។ ការងារអប់រំចិត្តសាស្ត្រនេះគឺដើម្បីពង្រឹងនូវគោលជំហរ ស្មារតី សតិអារម្មណ៍ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបកាន់តែច្បាស់នូវតួនាទីភារកិច្ច និងបេសកកម្មរបស់កងរាជអាវុធហត្ថ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ កងរាជអាវុធហត្ថមានតួនាទីភារកិច្ចក្នុងការថែរក្សា និងពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សង្គម។ កងរាជអាវុធហត្ថជាស្ថាប័នមួយដ៏ចំណាស់ដែលកើតមានតាំងពីយូរណាស់មកហើយ មានជំនាញឯកទេស និងវិជ្ជាជីវៈ ហើយមានភារកិច្ចសំខាន់ៗចំនួនបួន គឺជានគរបាលរដ្ឋបាល នគរបាលយុត្តិធម៌ រ៉ាប់រងសកម្មភាពដែលមានលក្ខណៈពិសេសខាងយោធា និងផ្តល់កម្លាំងទៅជួយក្រសួង ស្ថាប័ននានាតាមការស្នើសុំជាចាំបាច់ ហើយក្រៅពីភារកិច្ចនេះកងរាជអាវុធហត្ថមានបេសកកម្មសំខាន់ចំនួនបីគឺ បង្ការ បង្ក្រាប និងសង្គ្រោះ។ កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវគោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ចរាចរណ៍ គោរពបទបញ្ជា គោរពការចាត់តាំង និងត្រូវបន្តរៀនសូត្របន្ថែមពីច្បាប់ ដើម្បីបង្កើននូវចំណេះដឹង ព្រមទាំងត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដើម្បីគ្រួសារនិងអង្គភាព និងត្រូវយកការផ្សព្វផ្សាយនាពេលនេះ ទៅផ្សព្វផ្សាយបន្តដល់អ្នកដែលមិនបានចូលរួមផងដែរ និងត្រូវចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះ។
ឧត្តមសេនីយ៍ត្រី មាស សំរិទ្ធ ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រដល់នាយ នាយរងអាវុធហត្ថខេត្តបាត់ដំបង
- Post author:Sery Vutha
- Post published:June 8, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ