បន្ទាយមានជ័យ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២១និង ៤៥នាទី កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណីហឹង្សាដោយចេតនា និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមជាមួយវត្ថុតាងមាន ៖ កាំបិតខ្វែវដងឈើ ០១ដើម, កំណាត់ឈើជ្រុង ០១ដើម និងកំណាត់ឈើជ្រុង ០១ដើម នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានអោយដឹងថា ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២១ និង ៤៥នាទី មានករណីហឹង្សាបានកើតឡើងនៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាប្រមាណ ០៦នាក់ បាននាំគ្នាសម្រុកចូលក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ មឹក ស៊ីរ៉ា (ហៅ កន្ទឹម) ភេទប្រុស អាយុ ២៥ឆ្នាំ ហើយបានប្រើដំបងឈើជ្រុង និងកាំបិត កាប់ និងវាយទៅលើជនរងគ្រោះដែលកំពុងដេកនៅក្នុងផ្ទះ បណ្តាលឱ្យរងរបួសប្រអប់ដៃខាងឆ្វេង(របួសធ្ងន់) ។ ពេលកំពុងកើតហេតុ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចូលទៅអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ៖
១-ឈ្មោះ ទួន ស៊ីណៃ ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
២-ឈ្មោះ រ៉ង វីរៈ ភេទប្រុស អាយុ ២២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៣-ឈ្មោះ ទ្រី បឺតណយ ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បីយកមកសួរនាំអំពីរឿងហេតុដែលបានកើតឡើង ចំណែកជនសង្ស័យចំនួន ០៣នាក់ទៀត បានរត់គេចខ្លួនបាត់ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា៖ តាមការបំភ្លឺរបស់ឈ្មោះ ញូង សុវណ្ណ ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ត្រូវជាម្តាយរបស់ជនរងគ្រោះបានបញ្ជាក់ថា ៖ នៅថ្ងៃកើតហេតុខាងខ្លួន បានដេកមើលទូរទស្សន៍ជាមួយកូន និងក្មួយស្រាប់តែមានក្មេងមួយក្រុមមានគ្នាប្រមាណ ០៦នាក់ ប្រដាប់ដោយដំបងឈើជ្រុង និងកាំបិត បានសម្រុកចូលមកក្នុងផ្ទះរបស់ខ្លួន បានវាយក្មួយ និងកាប់កូនប្រុសរបស់ខ្លួនដោយមិនដឹងមូលហេតុ ពេលក្រុមជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពស្រាប់តែកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ចូលមកអន្តរាគមន៍ភ្លាមៗតែម្តង ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្តថា ៖ ករណីខាងលើនេះជាបទល្មើសជាក់ស្តែង ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ខាងលើរួច លោកបានធ្វើសេចក្តីរាយការណ៍ជូន លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការណ៍អនុវត្តបន្ត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអបសាលដំបូងខេត្ត កម្លាំងជំនាញបានធ្វើការទំនាក់ទំនងទៅគ្រួសាររបស់ជនរងគ្រោះ ដើម្បីមកដាក់ពាក្យបណ្តឹងភ្លាមៗស្របទៅតាមនីតិវិធី ។ ក្រោយពីការឃាត់ខ្លួន និងសាកសួររួចមក ជនសង្ស័យទាំង ០៣នាក់ខាងលើ បានសារភាពថា៖ មុនពេលកើតហេតុ ក្រុមខ្លួនមានគំនុំជាមួយឈ្មោះ ហួរ (មិនស្គាល់ត្រកូល) ដែលរស់នៅក្នុងផ្ទះដែលក្រុមខ្លួនចូលទៅធ្វើសកម្មភាព លុះដល់ថ្ងៃកើតហេតុ ក្រុមខ្លួនបានបបួលគ្នាទៅសងសឹកជាមួយឈ្មោះ ហួរ តែពេលចូលទៅដល់ក្នុងផ្ទះ មិនបានឃើញឈ្មោះ ហួរ នោះទេ ឃើញតែមនុស្សប្រុសម្នាក់ផ្សេងទៀតកំពុងដេក (ជនរងគ្រោះ) ពេលក្រុមខ្លួនចូលទៅដល់ក្នុងផ្ទះ ស្រាប់តែមនុស្សប្រុសនោះក្រោករត់ ពេលនោះក្រុមខ្លួនបានរត់សំដៅទៅរកមនុស្សប្រុសម្នាក់នោះ ហើយក៏ធ្វើសកម្មភាពកាប់ទៅលើបុរសម្នាក់នោះត្រូវចាំប្រអប់ដៃ ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់គ្រួសារជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ បានប្រព្រឹត្តបទល្មើស ៖ ហឹង្សារដោយចេតនា មានស្ថានទម្ងន់ យ៉ាងពិតប្រាកដ ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។