កណ្តាល៖ អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាស្រ្តដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលលោកតែងតែយកចិត្តទុកដាក់ ដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម។
ជាក់ស្តែងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ មានជនរងគ្រោះចំនួនបីនាក់មកដល់មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ខេត្តកណ្តាល បានប្តឹងឈ្មោះ សូ សាលី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បានធ្វើសកម្មភាពខ្ចីម៉ូតូ និងទូរស័ព្ទរបស់ពួកគាត់ដូចខាងក្រោម:
១-ឈ្មោះ ម៉ឺន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ឃុំកើតហេតុ (បាត់បង់ម៉ូតូ ០១គ្រឿង)។
២-ឈ្មោះ សុដានោ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (បាត់បង់ទូរស័ព្ទពណ៌ស ០១គ្រឿង)។
៣-ឈ្មោះ ភាព ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ (ត្រូវជាសង្សារ ជនសង្ស័យ) ស្នាក់នៅផ្ទះជួលជាមួយគ្នា បាត់បង់ទូរស័ព្ទ ០២គ្រឿង។
ក្រោយពីធ្វើសកម្មភាពរួច ដោយបាត់ជនសង្ស័យយូរពេក ហើយទាក់ទងទូរស័ព្ទមិនចូល ជនរងគ្រោះទាំង០៣នាក់ ក៏មកប្តឹងនៅសមត្ថកិច្ចអាវុធហត្ថ និងបានបំភ្លឺថាជនសង្ស័យ(សូ សាលី) កន្លងមកតែងតែនិយាយប្រាប់ពួកគាត់ថា៖ គាត់(ជនសង្ស័យ)គឺជាមន្ត្រីអាវុធហត្ថ ដែលទើបផ្លាល់មកពីខេត្តប៉ៃលិន ។
ក្រោយទទួលបានពាក្យបណ្តឹងនិងការបំភ្លឺដូចខាងលើរួច លោកឧត្តសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាផ្ទាល់ដល់កម្លាំងជំនាញខេត្តនិងស្រុកចុះធ្វើការស្រាវជ្រាវ ស្វែងរកជនសង្សយ័និងសម្ភារ:បាត់បង់តាមនីតិវិធី។
តាមរយៈការសហការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ប្រកបដោយបទពិសោធន៍ ឆន្ទៈក្រោមការចុះដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ទូច អ៊ីណាន និងការយកចិត្តទុកដាក់របស់ជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តសៀមរាប កណ្តាល បានកំណត់ទីតាំងលាក់ខ្លួនជនសង្ស័យបានដោយជោគជ័យ អស់រយៈពេលជាង ១០ថ្ងៃ ។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ កំលាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយកំលាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សូ សាលី នៅចំណុចបន្ទប់ជួល ស្ថិតនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ០១១ ដកបចខ/១៨ ចេញដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងដោយមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធករណីក្លែងឯកសណ្ឋានអាវុធហត្ថ ប្រើប្រាស់អាវុធខុសច្បាប់ ឆបោក និង ក្លែងឯកសារសាធារណៈ។
កម្លាំងបានដកហូតវត្ថុតាងរួមមាន៖
១.អាវុធខ្លី ០១ដើម ម៉ាក K59 លេខ ០៨៧៤។
២.បង់ចំនួន ០១។
៣.គ្រាប់ចំនួន ០៣គ្រាប់។
៤.សំបុត្របញ្ជាក់កំណើត ០១សន្លឹក។
៥.អត្តសញ្ញាណបណ្ណជាតិខ្មែរថតចម្លង ០១សន្លឹក។
៦.ពាក្យស្នើសុំស្នាក់នៅបណ្តោះអាសន្ន ០១សន្លឹក។
៧.សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ០២សន្លឹក។
៨.កាបូបស្ពាយពណ៌ខ្មៅចំនួន ០១ ខោអាវឯកសណ្ឋានមួយចំនួន និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកដល់កងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។