ព្រៃវែង៖ នៅវេលាម៉ោង ១៩និង ៣០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលនីតិវិធីពីលោក មាស សុភក្តិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កម្លាំងមន្ទីរយុត្តិធម៌ ដឹកនាំដោយលោកវរសនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានដឹកនាំកម្លាំងចុះបង្ក្រាបទល្មើស គ្រឿងញៀន នៅចំណុច ភូមិ០២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កេត មេសា ភេទប្រុស អា យុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្ស រស់នៅភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង និងបានដកហូតវត្ថុតាងម្សៅក្រាមពណ៌សចំនួន ០៤កញ្ចប់ ទម្ងន់ ១,៣២ក្រាម ថ្លឹងទាំងសំបងថង់ ទូរស័ព្ទដៃចំនួន ០១គ្រឿង
ក្រោយពីធ្វើការស្តាប់ចម្លើយ ជនសង្ស័យ ឈ្មោះ កេត មេសា រួចនៅវេលាម៉ោង ២១និង ២០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ឆេង យឿ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិដំរីពួន ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ឃាត់ខ្លួននៅចំណុចភូមិ០៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង និងបានដកហូតវត្ថុតាងទូរស័ព្ទដៃ ០១គ្រឿង និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។