តាកែវ៖ នៅវេលាម៉ោង ១៦និង ១០នាទីថ្ងៃ១៨ មិថុនា២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ
ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដោយខុសច្បាប់នៅចំណុចលើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី គឹមហុង ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបររត់តុកតុក បច្ចុប្បន្នរស់នៅបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាសខេត្តតាកែវ។ កម្លាំងបានដកហូតវត្ថុតាងម៉្សៅក្រាមសថ្លាបានចំនួន ០១កញ្ចប់ ធំទំងន់ ១០០,៤ក្រាម ទូរស័ព្ទ ០២គ្រឿង។ ក្រោយពីការបង្ក្រាបបាន ភ្លាមកម្លាំងបានបន្តទៅចាប់មេក្លោងរបស់ជនសង្ស័យដែលជិះរថយន្តម៉ាកព្រូស ពណ៌គ្រាប់អំពិល បិតតំបូលពណ៌ស ស្លាកលេខ2AT ៣៨០៦ ភ្នំពេញ តែមកដល់ចំណុចនោះជនសង្ស័យ បានបើកបុកបារ៉ាស របស់សមត្ថកិច្ចរហូត រត់មកដល់ក្នុងភូមិសាស្រ្ត ស្រុកសំរោង ហើយទុករថយន្ត ចោលនៅក្នុងវត្ត អង្គចង្អរ រួចរត់គេចខ្លួនបាត់។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវ បានយកមករក្សាទុកនៅការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
។