បាត់ដំបង៖ យោងតាមផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការត្រួតពិនិត្យចំនួនទ័ព-កូន ព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ប៉ោ វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។
ការរៀបចំនេះប្រារព្ធធ្វើឡើងរយៈពេល ០៣ថ្ងៃ គឺនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ធ្វើស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន ដល់នាយ-នាយរង និងពលអាវុធហត្ថចំណុះផ្នែកសិក្ខាកាម និងនៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ធ្វើស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន ដល់នាយ-នាយរង និងពលអាវុធហត្ថតាមបណ្តាក្រុង/ ស្រុក និងស្នាក់ការសន្តិសុខ ។
ចំពោះការងារស្វ័យត្រួតពិនិត្យ អាវុធហត្ថគ្រប់រូបភ្ជាប់នូវឯកសារចំនួន ០៤ប្រភេទរួមមាន៖
១-អត្តសញ្ញាណប័ណ្ណយោធិន ២-អត្តសញ្ញាណប័ណ្ណស៊ីវិល ៣-ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ឬសេចក្តីសម្រេចឋានន្តរសក្តិ និងមុខតំណែង ៤-លេខរៀងបញ្ជីឈ្មោះបោះឆ្នោត លេខការិយាល័យ និងទីតាំងការិយាល័យបោះឆ្នោត ។