You are currently viewing គ្រឿងញៀនមួយចំនួនធំ រួមនឹងជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន

គ្រឿងញៀនមួយចំនួនធំ រួមនឹងជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរសាធាតុញៀនខុសច្បាប់ ក្រោមការដាក់វិធានការ របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចស្ពានតាផាន់ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារគ្រឿងញៀន បានបញ្ជាក់ថា៖ ដោយទទួលបានវិធានការ របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១-ឈ្មោះ ឡាយ ទិត្យសីហា ភេទប្រុស អាយុ ២៨ឆ្នាំ (ម្ចាស់ថ្នាំ) រស់នៅភូមិជ្រៃកោង ឃុំស្លាកែត ក្រុងខេត្តបាត់ដំបង ២.ឈ្មោះ ឌឿម មីនា ភេទប្រុស អាយុ ២២ឆ្នាំ (ម្ចាស់រថយន្ត) រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងវត្ថុតាងរួមមាន៖

-កេតាមីនចំនួន ២៥០ដប

-មេតំហ្វេតាមីនទឹកកកចំនួន ២កូនថង់តូច ស្មើ ៥,២៨ក្រាម

-ទូរស័ព្ទចំនួន ០៤គ្រឿង

-អត្តសញ្ញាណប័ណ្ណ១សន្លឹក

-ប័ណ្ណបើកបរ ១សន្លឹក

-កាតគ្រីរថយន្ត ១សន្លឹក

-ប័ណ្ណធនាគារ ១សន្លឹក។

ក្រោយពីធ្វើការស្រាវជ្រាវទទួលបានមុខសញ្ញា ជនសង្ស័យខាងលើហាក់បានដឹងខ្លួន ហើយបើករថយន្ត គេចពីការតាមរបស់សមត្ថកិច្ច តាមបណ្តោយផ្លូវជាតិលេខ៥ ពេលនោះកម្លាំងក៏បានដេញតាមពីក្រោយ រហូតដល់ចំណុចស្ពានតាផាន់ ទើបកម្លាំងអាវុធហត្ថអាចឃាត់បាន និងធ្វើការឆែកឆេរនៅនឹងកន្លែង រួចបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រគល់ជូនកម្លាំងជំនាញចាត់ការបន្តតាមនីតិវិធី ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា៖ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ រួមនិងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ចូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕