ព្រៃវែង: នៅវេលាម៉ោង១៤ និង ៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ក្រោមបញ្ជាផ្ទាល់ លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួលនីតីវិធីពីលោក មាស សុភក្តិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ជាបន្តបន្ទាប់ នៅចំណុចភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុង/ខេត្តព្រៃវែង ។
ជនសង្ស័យទី១.ឈ្មោះ ម៉ន ដា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាសូ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់តូច ទម្ងន់ ០,៧៥ក្រាម (ទាំងសំបកថង់) និងម៉ូតូចំនួន ០១គ្រឿង។
ក្រោយពីស្តាប់ចម្លើយជនសង្ស័យខាងលើរួច នៅវេលាម៉ោង១៨ និង ៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ទៀត នៅចំណុចភូមិបារាច ឃុំ ព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង (ជាម្ចាស់ថ្នាំញៀន)មានឈ្មោះ ឈាន ឆាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ បារាច ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង និងឈ្មោះ ម៉ៅ សាមាន ហៅ ឆ្លេញ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិ តាយឹង ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង រួមទាំងដក ហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ ទម្ងន់ ០,៤៧ ក្រាម(ទាំងសំបកថង់) ម៉ូតូចំនួន ០១គ្រឿង និងទូរស័ព្ទចំនួន ០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្រ្តីជំនាញកងរាជអាវុធកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។