បាត់ដំបង៖ ព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំពិធីបិទវគ្គបំប៉នស្តាប់ចម្លើយអនីតិជនរងគ្រោះក្នុងអំពើរំលោភបំពានលើផ្លូវភេទ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហឿង សុន្ធ អភិបាលរងនៃគណៈខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធខេត្តបាត់ដំបង លោកព្រះរាជអាជ្ញាអមតុលាខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បាត់ដំបង ព្រមទាំងលោកឧត្តមសេនីយ៍វរសេនីយ៍ប្រតិភូអមដំណើរ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ និងសិក្ខាកាមជាច្រើននាក់។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ក៏មានមតិផ្តាំផ្ញើដល់សិក្ខាកាមឱ្យយកចំណេះដឹងដែលបានពីវគ្គសិក្សានេះ ទៅអនុវត្តនៅអង្គភាពរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។