You are currently viewing គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកជិត ០១គីឡូក្រាម និងមេតំហ្វេតាមីនប្រភេទគ្រាប់ជាង ៤០០០ គ្រាប់ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាប

គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកជិត ០១គីឡូក្រាម និងមេតំហ្វេតាមីនប្រភេទគ្រាប់ជាង ៤០០០ គ្រាប់ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាប

បន្ទាយមានជ័យ៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង ១៩ និង ២០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចរង្វង់មូលប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឱ្យដឹងថា ៖ ក្រោយពីទទួលបានព័ត៌មានពីបណ្តាញផ្តល់ព័ត៌មាន លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការណ៍ និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំង និងសហការជាមួយកម្លាំងមូលដ្ឋាកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្រ្កាបករណីខាងលើ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ឹម ចយ (ហៅ ចិត្រ) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងរឹបអូសបានវត្ថុតាងរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ០២ថង់ធំ ស្មើ ៩៨៨.៦ក្រាម, គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួនៈ ៤.០៣៥គ្រាប់, ទូរស័ព្ទចំនួន ០២គ្រឿង និងកាបូបស្ពាយពណ៌ខ្មៅចំនួន ០១ ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនជាកម្មករអូសរទេះ និងបានទទួលបញ្ញើរអីវ៉ាន់ពីបុរសម្នាក់ពីប្រទេសថៃ មិនស្គាល់អត្តសញ្ញាណ(ទំនាក់ទំនងតាមរយៈទូរស័ព្ទ) យកឆ្លងដែនចូលមកប្រទេសកម្ពុជា លុះចូលមកដល់ចំណុចរង្វង់មូលប៉ោយប៉ែត ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ឃាត់ខ្លួនតែម្តង ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងការធ្វើតេស្តលើសារធាតុញៀន អាចបញ្ជាក់ថាជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើស ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។