You are currently viewing អាវុធហត្ថខេត្តបន្ទាយមានជ័យ បង្ក្រាបជនសង្ស័យចំនួន ០៨នាក់

អាវុធហត្ថខេត្តបន្ទាយមានជ័យ បង្ក្រាបជនសង្ស័យចំនួន ០៨នាក់

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ០២និង ០០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស (ដោយប្រើប្រាស់អាវុធ) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ នៅចំណុចមុខវត្តផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ៖ យោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ចំនួន ០៣នាក់ ១-ឈ្មោះ ភឿ ដេត ភេទប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ២-ឈ្មោះ លឿម ឆុង (ហៅ ម៉ាប់) ភេទប្រុស អាយុ ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៣-ឈ្មោះ វណ្ណ មុន្នីម៉ក់ ភេទប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រហ៊ូត សង្កាត់អូរំបិល ក្រុងសិរីសោភ័ណ រួមជាមួយជនរងគ្រោះចំនួន ០៦នាក់ផ្សេងទៀត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេតករណីខាងលើយ៉ាងយកចិត្តទុកដាក់ លុះដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ -ឈ្មោះ ហៀង សុខវ៉ៃ(ហៅ វី ហៅ ចិន) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត រួមនិងវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន ដើម្បីយកសាកសួរ ។ ដោយទទួលបានតម្រុយពីមុខសញ្ញាជនសង្ស័យនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៤ និង ៣៩នាទី កម្លាំងកងរាជអាវុធហត្ថបានបន្តចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់បន្ថែមទៀត រួមមាន ៖ ១-ឈ្មោះ ឌឿន ភីលីព ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត ២-ឈ្មោះ ហ៊ាន សោមឆាយ (ហៅ អាយ៉ាក់) ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត  ៣-ឈ្មោះ ប៊ុន សាម៉ែតហាន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត  ៤-ឈ្មោះ សរ ឧត្តម ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៥-ឈ្មោះ សួស ចាន់រ៉ូស្សា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៦-ឈ្មោះ ចិន រស្មី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៧-ឈ្មោះ ឡេង វណ្ណឌី (ហៅបារាំង ហៅ ធំ) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រួមជាមួយវត្ថុតាងមាន ៖ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ គ្មានស្លាកលេខចំនួន ០១គ្រឿង -បំពង់ដែកទីបប្រវែង ៨៣សង់ទីម៉ែត្រ ចំនួន ០១ដើម -កូនសោរសម្រាប់ដោះគ្រឿងបន្លាស់មួយចំនួន ។ ក្រោយពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយរួចមក លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង  ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យបានសារភាពថា ៖ ឈ្មោះ ហៀង សុខរ៉ៃ និងបក្សពួក បានរៀបគម្រោងធ្វើសកម្មភាពពួនស្ទាក់វ៉ៃអ្នកដំណើរណាដែលជិះម៉ូតូកាត់មុខវត្តផ្សារកណ្តាលនាពេលព្រលប់ ដើម្បីជំរិតយកវត្ថុមានតម្លៃផ្សេងៗ លុះដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០២ និង ០០នាទី ខ្លួន និងបក្សពួក បានស្ទាក់វ៉ៃក្មេងមួយក្រុមមានគ្នាប្រហែល ០៩នាក់ ដោយមានប្រើដំបង ដុំថ្ម កាំបិត និងបំពង់ដែកទីប និងបានយកម៉ូតូរបស់ជនរងគ្រោះខាងលើទៅឱ្យឈ្មោះ ឌឿន ភីលីព ដើម្បីរៀបចំតុបតែងដោះដូរគ្រឿងបំភ័ន្តភ្នែកសមត្ថកិច្ច ហើយក៏បានជិះចេញទៅខាងក្រៅដើម្បីរកកន្លែងដាក់បញ្ចាំ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ បានប្រព្រឹត្តបទល្មើស ៖ លួចមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ យ៉ាងពិតប្រាកដ ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។