You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍វិវដ្តថ្មីៗ

ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍វិវដ្តថ្មីៗ

កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំពិធីជួបសំណេះសំណាល និងផ្សព្វផ្សាយ សភាពការណ៍វិវដ្តថ្មីៗ ជាមួយនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត។ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា  ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានទាំងអស់ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បានលើកឡើងអំពីការរឹតបណ្តឹងការងារសន្តិសុខ សុវត្ថិភាព ឲ្យប្រសើរខណៈការឃោសនាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតគ្រប់គណបក្ស ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៧ ឆ្នាំ២០១៨ ស្អែកនេះ ។

លោកមេបញ្ជាការ បន្ថែមថាកម្លាំងត្រូវឃ្លាំមើលជាប្រចាំ ចំពោះបក្សនយោបាយពេលចេញឃោសនាតាមបណ្តាមូលដ្ឋាន ក្រែងមានជនអគតិមួយចំនួន រារាំងដោយប្រើប្រាស់សកម្មភាពរំខាន និងបំពានចំពោះយុទ្ធនាការនេះ ។

ជាងនេះទៀត កងកម្លាំងទាំងអស់ ត្រូវបង្កើនសកម្មភាពការពារគ្រប់អង្គភាពពាក់ព័ន្ធ ក្នុងពេលដំណើរការបោះឆ្នោត ព្រមទាំងធានាសុខ សុវត្ថិភាព ចំពោះប្រជាពលរដ្ឋ អ្នកនយោបាយ តំណាងបក្សនយោបាយ ដែលចូលរួមចាប់តាំងពីយុទ្ធនាការឃោសនា រហូតដល់បោះឆ្នោតរួច រាប់សន្លឹកឆ្នោត និងប្រកាសរាជរដ្ឋាភិបាលស្របច្បាប់ ក្រោយការឈ្នះឆ្នោត។