កំពត៖ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ នឹងដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត ដារ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៨ និង ២០នាទី ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុង/ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ សន វុទ្ធី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរបើកឡានដឹកដី រស់នៅភូមិ/ឃុំ កំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត រួមទាំងដកហូតវត្ថុតាងគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ៩កញ្ចប់តូច ទម្ងន់ ២,២០ក្រាម និងទូរស័ព្ទដៃចំនួន ០១គ្រឿងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងចាត់ការតាមនីតិវិធី។