បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៤ និង ០០នាទីរសៀល ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីលួច និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចក្រោយផ្សារកណ្តាល ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ជនសង្ស័យឈ្មោះ លី ពៅ(ហៅ រី) ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ការឃាត់ខ្លួននេះ យោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ដែលបានបាត់សម្ភារៈមួយចំនួនកាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៨។
ជនសង្ស័យសារភាពថា ខ្លួនពិតជាបានប្រពឹត្តអំពើលួចយកទូរស័ព្ទដៃ និងកាបូបពិតប្រាកដមែន។ ចំណែកប្រាក់នៅក្នុងកាបូប ខ្លួន(ជនសង្ស័យ) បានយកទៅផឹកស៊ីអស់ចំនួន ៦.០០០បាត រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធី ។