កំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានក្រុងច្បារមន បានចុះបង្ក្រាបករណីលាក់ទុក និងចែកចាយគឿងញៀន និងខ្លួនស្ត្រីជាជនសង្ស័យម្នាក់។
ក្រោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ក៏បានចុះឆែកឆេរផ្ទះចំនួន ០២កន្លែង ៖ ម្ចាស់ផ្ទះទី១ ឈ្មោះ សុខ លីដា ភេទស្រី អាយុ ៥៣ឆ្នាំ នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានដកហូតវត្ថុតាងមានថ្នាំម៉ាទឹកកកចំនួន ០៩កញ្ចប់តូច ម៉ូតូ ០១គ្រឿង ម៉ាក YAMAHA ពណ៌ក្រហម គ្មានស្លាកលេខ ទូរស័ព្ទ ០១គ្រឿង, លុយរៀលចំនួន ៥០.០០០រៀល, លុយដុល្លារចំនួន ៥ដុល្លារ និងថង់ច្រកថ្នាំចំនួន ១៩ថង់ ។
ដោយសារតែមានតម្រុយកម្លាំង បានបន្តទៅឆែកឆេរផ្ទះទី២ នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ខណៈនោះម្ចាស់ផ្ទះបានរត់បាត់ កម្លាំងបន្តឆែកឆេរ រកឃើញវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស (ថ្នាំម៉ាទឹកកក) ចំនួន ១៦កញ្ចប់ ក្នុងនោះធំ ០២កញ្ចប់ និងជញ្ជីងថ្លឹងថ្នាំ ០១គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ។