កោះកុង៖ នៅវេលាម៉ោង ២២ និង ២០នាទីថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកោះកុង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថកោះកុង និងមានការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានចុះបង្រ្កាបករណីជួញដូរ និង ប្រើប្រាស់សារធាតុញៀន និងលេងល្បែងស៊ីសងខុសច្បាប់ នៅចំណុចផែទិញផលនេសាទ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់៖
១. ឈ្មោះ ប្រាជ្ញា សាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូកនេសាទ ស្នាក់នៅលើទូក ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង រួមទាំងដកហូតបានវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ ស្មើនឹង ១.២១ក្រាម និងធ្វើតេស្តទឹកនោម ឃើញមានជាប់សារធាតុញៀន ។
២. ឈ្មោះ សោន ដា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូកនេសាទ ស្នាក់នៅលើទូក ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងដកហូតបានវត្ថុតាង មេអាប៉ោងចំនួន ០១ សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន និងធ្វើតេស្តទឹកនោម ឃើញមានជាប់សារធាតុញៀន ។
៣. ឈ្មោះ ឈឿន ហ៊ុយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូកនេសាទ ស្នាក់នៅលើទូក ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងធ្វើតេស្តទឹកនោម ឃើញមានជាប់សារធាតុញៀន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ។