ភ្នំពេញ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជងាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ថ្លែងក្នុងពិធីនាថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ដោយមាន ការដឹកនាំ ប្រកបដោយភាពប៉ិនប្រសព្វឈ្លាសវៃ និងការយកចិត្តទុកដាក់ខ្ពស់ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងការប្រឹងប្រែងរបស់បងប្អូនកន្លងមក ក្នុងការហ្វឹកហ្វឺន រៀនសូត្រ និងការអនុវត្តការងារ ទទួលបានជោគជ័យនិងស្នាដៃជាច្រើន ទើបថ្នាក់ដឹកនាំបានសម្រេចប្រគល់ភារកិច្ចថ្មីនិងដំឡើង ឋានន្តរសក្តិ ជូនដល់បងប្អូន។
ដូច្នេះសូមបងប្អូនអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើរតាមមាគ៌ាដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងបំពេញការងារប្រកបដោយក្រមសីលធម៌ គោរពវិន័យ បទបញ្ជា គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមាន សីលធម៌ សុជីវធម៌ ល្អជាប្រចាំ ធ្វើខ្លួនជាអ្នកបំរើរាស្ត្រគ្រប់ពេលវេលា និងត្រូវប្តូរផ្តាច់ ថែរក្សាការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ដែលប្រទេសជាតិយើង កំពុងមានសព្វថ្ងៃ ឲ្យនៅ គង់វង្សរីកចម្រើន តទៅមុខជានិរន្តរ៍ ជាពិសេស ត្រូវលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ មិនឲ្យមាន បដិវត្តពណ៌ កើតឡើងជាដាច់ខាត។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានក្រើនរំលឹកដល់ អាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ រួមជាមួយ បងប្អូន ក្រុមគ្រួសារសាច់ញាតិ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមបំពេញកាតាព្វកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នាកុំបីខាន៕