You are currently viewing ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រោមការដឹកនាំ ប្រកបដោយភាពប៉ិនប្រសព្វឈ្លាសវៃ និងការយកចិត្តទុកដាក់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពកងរាជអាវុធហត្ថ មានការរីកចម្រើនលូតលាស់ គ្រប់ទីកន្លែង ទាំងថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន ហើយសមាជិកអាវុធហត្ថម្នាក់ៗ បានអនុវត្តការងារតាមមាគ៌ាដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពច្បាប់ គោរពវិន័យកងទ័ព គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមាន សីលធម៌ សុជីវធម៌ ល្អជាប្រចាំ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ ជានិច្ចកាល ដើម្បីឆ្លើយតបទៅនឹងការប្រឹងប្រែងព្រមទាំងលទ្ធផលស្នាដៃ របស់បងប្អូន ដែលជា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា តែងបានយកចិត្តទុកដាក់ ស្នើសុំតម្លើងឋានន្តរសក្តិជូនដល់ពួកគាត់ជាបន្តបន្ទាប់ ព្រមទាំងដោះស្រាយគោលនយោបាយ លើកទឹកចិត្តផ្សេងៗផងដែរ ។

ដោយឡែកសម្រាប់ អាវុធហត្ថរាជធានីភ្នំពេញ ក៏ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើការស្នើសុំតម្លើងឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរង ស្របតាមលទ្ធផលការងារ និងស្នាដៃគ្រប់ៗគ្នា។ ជាក់ស្តែនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធីបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានភ្នំពេញ ដោយមានការចូលរូមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទី នាយការិល័យ និងនាយ នាយរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូបទៀត។