បាត់ដំបង ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ បំពាក់ឋានន្តរសក្តិ និងប្រគល់លិខិតសរសើរ ជូនដល់នាយទាហាន នាយទាហានរងនៅតាមអង្គភាពក្រុង/ស្រុក ដែលមានស្នាដៃឆ្នើមក្នុងឆ្នាំ២០១៧។
ពិធីនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃពុធ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខជាច្រើនរូប។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានផ្តាំផ្ញើដល់នាយទាហានទាំងអស់ ដែលទើបតែត្រូវបានប្រកាសតែងតាំង និងទទួលបានលិខិតសរសើរ ក្នុងថ្ងៃនេះ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដែលអង្គភាពបានប្រគល់ ទាំងការពង្រឹងបន្ថែមសមត្ថភាព បទពិសោធន៍ការងារ ដើម្បីបន្តទទួលបានកិត្តិយស និងមុខងារឲ្យខ្ពស់ជាងនេះ ដើម្បីបម្រើដល់ប្រជាពលរដ្ឋ និងអង្គភាព ដើម្បីឆ្លើយតបទៅនឹងសកម្មភាពឆ្នើម និងការបំពេញភារកិច្ចរបស់នាយទាហាន នាយទាហានរងកន្លងមក លោក
ឧត្តមសេនីយ៍ត្រី បានសង្កត់ធ្ងន់ថា អ្នកទទួលបានការសរសើរត្រូវខិតខំបំពេញភារកិច្ច គោរពវិន័យ ពង្រឹងនូវសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំបន្ថែមទៀត តាមបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានទាំងអស់ ពិសេសអង្គភាពនីមួយៗ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ត្រូវខិតខំប្រឹងប្រែងអនុវត្តនូវបទបញ្ជា បង្ការ បង្ក្រាប សង្គ្រោះ ស្របនឹងកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។