You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន បើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មី និងផែនការការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោត

ឧត្តមសេនីយ៍ត្រី បោន ប៊ិន បើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មី និងផែនការការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោត

បន្ទាយមានជ័យ៖ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មី និងផែនការការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានសមាសភាពចូលរួមពីបណ្តាមន្ទីរ ការិយាល័យ មូលដ្ឋានក្រុងស្រុក ស្នាក់ការសន្តិសុខ និងនាយ-នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។

ក្នុងពិធីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍សង្កត់ធ្ងន់ថា ៖ គ្រប់កម្លាំងដែលឈរជើងការពារទីតាំងបោះឆ្នោត និងរាប់សន្លឹកឆ្នោត ត្រូវអនុវត្តឱ្យបានដាច់ខាតនូវច្បាប់ បទបញ្ជា   នីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ចំពោះមូលដ្ឋានក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ត្រូវពង្រឹង និងបន្តការយកចិត្តទុកដាក់ក្តាប់ជាប់នូវរាល់មុខសញ្ញាបទល្មើស និងត្រូវមានសេចក្តីរាយការណ៍បន្ទាន់ និងចុះប្រតិបត្តិការភ្លាមៗ ក្នុងករណីមានបទល្មើសកើតឡើង ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយផែនការ និងបានចាត់តាំងកម្លាំងជាភ្នាក់ងារសន្តិសុខបោះឆ្នោត ចុះទៅដល់ការិយាល័យបោះឆ្នោត នៅរសៀលថ្ងៃនេះផងដែរ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានរំលឹកដល់អាវុធហត្ថគ្រប់រូប ត្រូវទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានគ្រប់ៗគ្នា ពិសេសកងកម្លាំងអាវុធហត្ថត្រូវតែមានស្នាមជ្រលក់ម្រាបដៃគ្រប់ៗគ្នា នៅថ្ងៃស្អែក ។