You are currently viewing អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការ

បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៨ រយៈពេល៣ថ្ងៃ បានចុះប្រតិបត្តិការបង្រ្កាបករណីហឹង្សាដោយចេតនា និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ជាបន្តបន្ទាប់នៅចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ៖ យោងករណីខាងលើជាបទល្មើសជាក់ស្តែង ដែលបង្កឡើងដោយក្មេងទំនើង ០១ក្រុម មានគ្នីគ្នាប្រមាណ ០៦នាក់ និងយោងតាមការអនុវត្តន៍វិធានការរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ រួមមាន ៖ ១-ឈ្មោះ សាង ហង ភេទ ប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២-ឈ្មោះ យួន ឡុងម៉ា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយកម្លាំងអាវុធហត្ថ បានស្រាវជ្រាវតាមចាប់ជនសង្ស័យបន្តរហូតដល់ថ្ងៃទី២៦ ទើបឃាត់ខ្លួនបាន ០១នាក់ទៀត មានឈ្មោ ស្រ៊ុន តេងរៈ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងវត្ថុតាងរួមមាន៖ -ម៉ូតូម៉ាក MSX ពណ៌ខៀវ ០១គ្រឿង  -កាំបិតបាំងតោ ប្រវែង ៣៦សង់ទីម៉ែត្រ ០១ដើម  -កាំបិតផ្គាក់ដងដែក ប្រវែង ៤៨សង់ទីម៉ែត្រ ០១ដើម  -កាំបិតឆ្នៃគ្មានដង ប្រវែង ៥៦សង់ទីម៉ែត្រ ០១ដើម  -បារីអេឡិចត្រូនិច ០១គ្រឿង -ឧបករណ៍ស្រាប់ជក់គ្រឿងញៀនមួយចំនួន ។ ចំណែកជនសង្ស័យដទៃទៀត កម្លាំងកងរាជអាវុធហត្ថ កំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយជនសង្ស័យទាំង ០៣នាក់ខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា៖ បន្ទាប់ពីការសាកសួរចម្លើយជនសង្ស័យបានសារភាពថា ៖ ក្រុមខ្លួនមានជម្លោះជាមួយក្រុមជនរងគ្រោះ ហើយបានបបួលបក្សពួក ទៅកាប់ក្រុមជនរងគ្រោះ ដោយក្រុមជនរងគ្រោះភ័យពេក ក៏ជិះម៉ូតូគេចពីក្រុមខ្លួន(ជនសង្ស័យ) រហូតជិះចូលរថយន្ត បណ្តាលឱ្យស្លាប់បាត់បង់ជីវិតម្នាក់ ហើយក្រុមខ្លួនបានតាំងរហ័សនាមថា (ក្រុមភូមិភី) ជាក្រុមដែលតែងតែកាប់ក្រុមក្មេងប្លែកមុខចូលមកក្នុងទឹកដីរបស់ខ្លួន ហើយកម្មភាពកាប់ចាក់នេះ ក្រុមខ្លួនបានប្រព្រឹត្តចំនួន ០៥លើកមកហើយ ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្ត និងចូលរួមប្រព្រឹត្តក្នុងបទល្មើស ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស យ៉ាងពិតប្រាកដ ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។