ស្វាយរៀង ៖ ព្រឹកថ្ងៃអង្គារ ០៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីជួបសំណេះសំណាល នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ និងបូកសរុបលទ្ធផលការងារការពារ ក្នុងពេលយុទ្ធនាការឃោសនា និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។
ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ មានប្រសាសន៍ថា នាយទាហាន នាយកទាហានរងនៃកងរាជអាវុធហត្ថខេត្ត ដែលបានខិតខំអស់កម្លាំងកាយ កម្លាំងចិត្ត បំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនបានជោគជ័យ រាល់ការងារដែលថ្នាក់លើប្រគល់ជូន និងគោរពវិន័យបានល្អប្រសើរ នេះជាមោទនៈភាពរបស់កងរាជអាវុធហត្ថ ពិតមែនតែយើងបានសម្រេចគ្រប់កិច្ចការកន្លងមកក៏ដោយ ប៉ុន្តែកម្លាំងយើង នៅតែបង្កើនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសបង្កើនការក្តាប់ព័ត៌មាន គ្រប់ហេតុការណ៍ដែលបម្រុងនឹងកើត និងកើតមាន រួចរាយការណ៍ជាបន្ទាន់ ទៅកាន់អង្គភាព។