You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់់គ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់់គ្រឿងញៀន

បន្ទាយមានជ័យ៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៣ និង ១០នាទី កម្លាំងជំនាញការិយាល័យគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ ប្រើប្រាស់សារធាតុញៀន និងកាន់កាប់គ្រាប់អាវុធដោយខុសច្បាប់ នៅចំណុចក្រោយផ្ទះសំណាក់សារពេជ្រ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឱ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីករណីខាងលើ លោកបានធ្វើសេចក្តីរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដើម្បីស្នើសុំគោលការណ៍ និងដោយទទួលបានការអនុញ្ញាតពីលោក គឹម ឡាក់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោក បានដឹកនាំកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន ចុះប្រតិបត្តិការបង្រ្កាបរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់មាន៖ ១. ឈ្មោះ អ៊ុង មុនិន្ទ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ២. ឈ្មោះ ចៅ ប៊ុនថា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ និង៣ឈ្មោះ ចន្ថា វិចិ្ឆកា (ហៅ ទូច) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួមទាំងដកហូតបានវត្ថុតាងមាន៖ គ្រឿងញៀនមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន ០៤កូនថង់ ស្មើនឹង០.៧០ក្រាម, ស្រោមកាំភ្លើងប្រាហាចំនួន ០១, គ្រាប់កាំភ្លើងប្រាហាចំនួន ០៥គ្រាប់, ទូរស័ព្ទចំនួន ០១គ្រឿង, កូនថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀន មួយចំនួនផងដែរ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បន្ថែមថា ៖ បន្ទាប់ពីឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យ(អ៊ុង មុនិន្ទ) បានសារភាពថា ៖ ខ្លួន ពិតជាបានសម្រួលប្រើប្រាស់កាន់កាប់គ្រាប់កាំភ្លើង និងជួញដូរគ្រឿងញៀនមួយរយៈមកហើយ តាមរយៈប្រពន្ធរបស់ខ្លួន ឈ្មោះ សាំង កុសល ជាអ្នកទៅទិញម្តងៗក្នុងតម្លៃពី ២០០.០០០រៀល ទៅ ៣០០.០០០រៀល ដើម្បីយកមករំលែកលក់បន្ត លុះដល់ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ១៣ និង ១០នាទី ស្រាប់តែកងកម្លាំងកងរាជអាវុធហត្ថ ចូលមកឃាត់ខ្លួនតែម្តង។ ចំណែកជនសង្ស័យ ចំនួន ០២នាក់ផ្សេងទៀត ជាអ្នកមកប្រើប្រាស់គ្រឿងញៀននៅផ្ទះ អ៊ុង មុនិន្ទ។
បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។