You are currently viewing ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ពាក់ព័ន្ធបទល្មើសសត្វព្រៃ

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ពាក់ព័ន្ធបទល្មើសសត្វព្រៃ

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១០ និង ៤០នាទី ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានចុះប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកសត្វព្រៃខុសច្បាប់ នៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានព័ត៌មានពីកម្លាំងរដ្ឋបាលព្រៃឈើ ដែលឈរជើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងកិច្ចសហការពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ លើករណីដឹកជញ្ជូនសត្វព្រៃខុសច្បាប់ លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំគោលការអនុវត្តបន្ត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់បទបញ្ជាឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះសហប្រតិបត្តិការភ្លាមៗ។

បន្ទាប់ពីទទួលបានបទបញ្ជា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន ស៊ីដែន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការស្ទាក់ចាប់រថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ស៊េរី ២០០៤ ពាក់ស្លាកលេខភ្នំពេញ 2Z-9183 ដែលដឹកសត្វព្រៃខុសច្បាប់ ចេញពីប្រទេសថៃ មកកាន់ទឹកដីកម្ពុជា ឆ្ពោះទៅខេត្តសៀមរាប នៅចំណុចមុខវិទ្យាល័យនិមិត្ត ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ប៉ុន្តែជនសង្ស័យបានបើករថយន្ត បំបុករថយន្តស៊ែរ៉ែនរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងបើកគេចរហូតមកដល់ចំណុចសាលាក្រហម ស្ថិតក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ហើយបានសម្ងំលាក់ខ្លួន និងធ្វើការផ្លាស់ប្តូរស្លាកលេខរថយន្ត ពីស្លាកលេខចាស់ មកលេខ ភ្នំពេញ 2V-9941 រួចបន្តដំណើរឆ្ពោះទៅខេត្តសៀមរាប ពេលនោះរថយន្តស៊ែរ៉ែនរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដេញតាមពីក្រោយ រហូតដល់ម៉ោង ១៤ និង ០០នាទី កម្លាំងកងរាជអាវុធហត្ថខេត្ត ក៏សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ចុះស្ទាក់ចាប់រថយន្តជនសង្ស័យខាងលើបាននៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ពេលនោះជនសង្ស័យមិនព្រមឈប់ទេ បែរជាជនសង្ស័យបើករថយន្តទម្លាក់ទឹកស្រះដោយខ្លួនឯង ហើយលោតចេញពីរថយន្តរត់គេច តែត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួនបានចំនួន ០២នាក់មាន៖ ឈ្មោះ ប៊ាន ផារៈ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប និងឈ្មោះ យ៉ាន យេង ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា រួមទាំងដកហូតបានវត្ថុតាងមាន៖ រថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ទឹកប្រាក់ ស៊េរី២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2V-9941, សត្វអន្សងចំនួន ១៧ក្បាលស្មើនឹង ៦៩គីឡូក្រាម(ងាប់), សត្វកន្ធាយចំនួន ១០ក្បាលស្មើនឹង ៤០គីឡូក្រាម, សត្វអណ្តើកសកលចំនួន ២៧ក្បាល ស្មើនឹង ១៧០គីឡូក្រាម, សត្វអណ្តើកស្រែចំនួន ១៧០ក្បាលស្មើនឹង ១៥៥គីឡូក្រាម និងស្លាកលេខរថយន្តចំនួន ០៨សន្លឹក។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី បន្តទៅតុលាការ។ ចំណែកវត្ថុតាងសត្វព្រៃ ត្រូវបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើក្រុងសិរីសោភ័ណយកទៅរក្សាទុក។