កោះកុង៖ នៅវេលាម៉ោង១១ និង ២០នាទី ថ្ងៃអង្គារ ១១ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ថុង ណារុង
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង តំណាង លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៤៥,៣១០,០០០ រៀល (សែសិបប្រាំលានសាមសិបមួយម៉ឺនរៀល) ទៅប្រគល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ឯក មាស វណ្ណា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងទទួលមរណភាពកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យប្រទេសថៃ។
លោកឧត្តមសនីយ៍ត្រី មេបញ្ជាការ បានឲ្យដឹងថា ថវិការបស់មូលនិធិនេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌ របស់ លោកឧត្តមសេនីយ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនាមមនុស្សធម៌ សាមគ្គីភាព និងក្តីសណ្តោសប្រណី នៃមហាគ្រួសារ កងរាជអាវុធហត្ថ ក្នុងនោះដែរថវិកាចំនួន ៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ដែល លោកនាយឧត្តមសេនីយ៍ តែងតែបរិច្ចាក ចូលរួមរំលែកទុក្ខគ្រួសារសព របស់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ដែលបានទទួលមរណភាព ។
លោកឧត្តមសេនីយ៍ត្រី ថុង ណារុង តំណាង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក៏បានសម្តែង នូវការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ លោកវរសេនីយ៍ឯក មាស វណ្ណា ពីជួរអង្គភាពកងរាជអាវុធហត្ថអាវុធហត្ថខេត្តកោះកុង ។