ស្ទឹងត្រែង៖ នៅវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចតាមផ្លូវទល់មុខសាលាដំបូងខេត្ត ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង
ក្រុង/ខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង ចុះបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ជាបន្តបន្ទាប់មាន៖ ឈ្មោះ វ៉ាត ប៊ុនណាត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង និងឈ្មោះ ទេព វិបុល ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង។
ក្រោយការឃាត់ខ្លួនជនសង្ស័យនិងចម្លើយសារភាពរបស់ឈ្មោះ វ៉ាត ប៊ុនណាត ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ម៉ោង១១ និង ៣០នាទី នៅចំណុចតាមផ្លូវជាតិលេខ៩A ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង/ខេត្តស្ទឹងត្រែង កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ថង សំនៀង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង រួមទាំងដកហូតបានវត្ថតាងមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន ២៦គ្រាប់, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)ចំនួន ០៤កញ្ចប់ ទំងន់ ៩,២២ក្រាម, ម៉ូតូ ០២គ្រឿងម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង 1C-9420 និងស្លាកលេខស្ទឹងត្រែង 1C-2727 និងទូរស័ព្ទចំនួន ០៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី ។